កម្ពុជាគ្រោងបង្កើត «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ» (Video Inside)

«ពហុកីឡដ្ឋានសម្តេចតេជោក្រគរ» តម្លៃច្រើនលានដុល្លារ គ្រោងបើកការដ្ឋានសាងសង់ជាផ្លូវការនាថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២៤ សប្តាហ៍ក្រោយនេះហើយ។

«ពហុកីឡដ្ឋានសម្តេចតេជោក្រគរ» មានទីតាំងនៅបរិវេណទីលានវាលសម្តេច «យស» លើផ្ទៃដីប្រមាណ២៥ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីបើកការដ្ឋានសាងសង់ពហុកីឡដ្ឋាននេះដែរ គ្រោងធ្វើឡើងក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

ពហុកីឡដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ ទីលានមហោស្រព ទីលានបាល់ទះ ទីលានបាល់បោះ ទីលានរត់ប្រណាំង ទីលានវាយសី កន្លែងអង្គុយទស្សនា កន្លែងហាត់ប្រាណ ប្រព័ន្ធផ្លូវខ្វាត់ខ្វែង វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក និងកន្លែងចតរថយន្តជាដើម។

គម្រោងនេះ ត្រូវរាជរដ្ឋាភិបាលបានចាត់ទុកថា គឺដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡានៅកម្ពុជា និងបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់ខេត្ត ពិសេសទាក់ទាញការវិនិយោគ មកពីគ្រប់មជ្ឈដ្ឋាន តាមរយៈផ្តល់ទីកន្លែងហាត់ប្រាណ ស្តង់ដារអន្តរជាតិ ដល់វិនិយោគិន ក៏ដូចជាកម្មករនិយោជិត ពីព្រោះទីតាំងនេះ នៅក្បែរនឹងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ដែលរួមមានរោងចក្រ និងសហគ្រាសធំៗ ជាច្រើនផងដែរ។

ads banner