ខ្វះអ្នកបើកបរ ជប៉ុននឹងសាងសង់ផ្លូវដឹកទំនិញ «ស្វ័យប្រវត្ថិ»
តូក្យូ៖ ដោយសារតែកង្វះអ្នកបើកបរឡានដឹកទំនិញ ជប៉ុនបានប្រកាសពីគម្រោងស្ថាបនា ផ្លូវដឹកទំនិញ ស្វ័យប្រវត្ថិដែលមិនត្រូវការមានអ្នកបើកបរ ដែលមានចម្ងាយ៥០០គីឡូម៉ែត្រ លាតសន្ធឹងរវាងទីក្រុងតូក្យូ និងអូសាកា។ នេះបើតាមគេហទំព័រ Interesting Engineering កាលពីថ្ងៃពុធ។
ការសាងសង់នឹងរួមបញ្ជូលការជីកផ្លូវរូងក្រោមដី ផ្លូវដែលនៅចំពីក្រោមផ្លូវហាយវេឬផ្លូវល្បឿន និងផ្លូវអម ផ្លូវហាយវេ។ រដ្ឋាភិបាលបានអះអាងថា គម្រោងថ្មីនេះ មានគោលបំណងដោះស្រាយវិបត្តិភស្តុភារ ដែលកំពុងកើតឡើង ដោយសារតែការធ្លាក់ចុះនៃចំនួនអ្នកបើកឡានដឹកទំនិញ ចំពេលអត្រាមនុស្សវ័យចំណាស់បានកើន ឡើង។
ក្រសួងដឹកជញ្ជូនជប៉ុនអះអាងថា គម្រោងផ្លូវស្វ័យប្រវត្តិនេះនឹងការត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នឹងអាចជំនួសការងាររបស់អ្នកបើកបរ ចំនួន២៥០០០លើក ជាប្រចាំថ្ងៃ ដោយឡានមួយគ្រឿងៗ ផ្ទុកទំនិញ បាន១តោន។
ការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវ Nomura ប៉ាន់ប្រមាណថា ការដឹកជញ្ជូនទំនិញ នឹងធ្លាក់ចុះ ពី១.៤៣ពាន់លានតោន ក្នុងឆ្នាំ២០២០ មកត្រឹម ១.៤ ពាន់លានតោន ក្នុងឆ្នាំ២០៣០។ កង្វះអ្នកបើកបរ រថយន្តដឹកជញ្ជូនត្រូវបានបារម្ភថា នឹងធ្លាក់ចុះពីចំនួន៦៦ម៉ឺននាក់ មកត្រឹម ៤៨ម៉ឺននាក់ នៅឆ្នាំ២០៣០ ឬស្មើនឹង ៣៦ភាគរយ។
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត