ជប៉ុនបង្កើតវិធីសាស្រ្តថ្មី ភ្ជាប់ជាលិកាស្បែកដល់មនុស្សយន្ត ដូចជីវិតពិត
តូក្យូ៖ ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន នៅសាកលវិទ្យាល័យតូក្យូ បានបង្កើតវិធីសាស្រ្តថ្មីមួយ ដើម្បីភ្ជាប់ជាលិកាស្បែក ទៅនឹងមនុស្សយន្ត។ បច្ចេកទេសនេះ អាចធ្វើឱ្យប្រសើរឡើង នូវការចល័តរបស់មនុស្សយន្ត បន្ថែមពីលើសមត្ថភាពចាប់សញ្ញា និងផ្តល់ឱ្យពួកគេ ព្រមទាំងជួយបំពេញរូបរាងដែលមានលក្ខណៈ ដូចជីវិតមនុស្សពិតៗ នេះបើតាមគេហទំព័រ Interesting Engineering កាលពីថ្ងៃអង្គារ។
អ្នកជំនាញរ៉ូបូតជីវសាស្ត្រ លោកសាស្ត្រាចារ្យ Shoji Takeuchi នៃសាកលវិទ្យាល័យតូក្យូ បានអះអាងថា ក្រុមការងាររបស់លោក បានប្រើប្រហោងពិសេសរាង V នៅលើមុខរបស់មនុស្សយន្ត ដើម្បីជួយភ្ជាប់ស្រទាប់ នៃស្បែក។
លោក Takeuchi បាននិយាយថា «ការបង្កើតមនុស្សយន្ត ដែលអាចភ្ជាប់សាច់ ដោយខ្លួនឯង និងអនុវត្តការងារប្រកបដោយភាពប៉ិនប្រសប់ ដូចមនុស្សពិត បែបនេះ គឺរឿងមិនគួរឱ្យជឿ និងត្រូវបានលើកទឹកចិត្តពិសេស»។
វិធីសាស្រ្តមុនៗ សម្រាប់ដំណើរការនេះ គឺមានត្រឹមទំពក់ ដើម្បីភ្ជាប់ជាលិកាស្បែក ទៅនឹងផ្ទៃរឹង នៃមនុស្សយន្ត ដែលមានហានិភ័យ នៃការខូចខាត អំឡុងពេលធ្វើចលនា។
លោក សាស្រ្តាចារ្យ Shoji Takeuchi ជឿជាក់ថា វិធីសាស្ត្រថ្មីនេះ ក៏អាចផ្តល់អត្ថប្រយោជន៍ ដល់ឧស្សាហកម្មកែសម្ផស្ស ជំរុញការបណ្តុះបណ្តាល ផ្នែកវះកាត់កែសម្ផស្ស ផងដែរ។
គួរឲ្យដឹងថា មន្ទីរពិសោធន៍របស់ លោកសាស្រ្តាចារ្យ Takeuchi ក៏បានបង្កើតមនុស្សយន្តខ្នាតតូច ដែលដើរ ដោយប្រើជាលិកាសាច់ដុំជីវសាស្រ្ត, សាច់ដុះដោយមន្ទីរពិសោធន៍បោះពុម្ព 3D និង ស្បែកកែច្នៃ នានា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត