គម្រោងវិនិយោគធុរកិច្ច ចំនួន ២២ ក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុបជាង ២ ពាន់លាន ដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស
ភ្នំពេញ៖ គម្រោងវិនិយោគធុរកិច្ច ចំនួន ២២ ក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុបជាង ២ ពាន់លាន ដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេសគម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៣, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន ៧, និង គម្រោងពង្រីកចំនួន ២ ដែលមានសកម្មភាពលើការផលិតសំបកកង់រថយន្ត, ការផលិតបន្ទះសូឡា, សណ្ឋាគារ, រមណីយដ្ឋាន, ការអភិវឌ្ឍលំនៅដ្ឋាន, អគារពហុមុខងារ, សាលារៀន, និង មន្ទីរពេទ្យ ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និង ធំ ដែលមានទុនចាប់ពី ១០ម៉ឺនដុល្លារអាមេរិក ដល់ ៥០០លានដុល្លារអាមេរិក ។
នេះបើយោងតាមស្មារតីនៃ កិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រយៈពេលពីរថ្ងៃពេញ ចាប់ពី ថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំ បានដើម្បីពិនិត្យលើការស្នើរបស់វិនិយោគិន និង ធុរជន ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការដោះស្រាយវិវាទចំនួន ២២ គម្រោង ក្រោមទុនវិនិយោគជាង ២ ពាន់លាន ដុល្លារអាមេរិក ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោក សមាជិកក្រុមការងារ និង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងបរិស្ថាន, ក្រសួងសុខាភិបាល, គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, និង និយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ចាំ, ព្រមទាំងមន្រ្តី និង បុគ្គលិកជំនាញពាក់ព័ន្ធ ។
ការលើកទឹកចិត្តពិសេសខាងលើ ធ្វើឡើងស្របតាម “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលជាគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ។ តាមរយៈនេះ និង ជាបន្តបន្ទាប់ គិតចាប់ពីខែ កុម្ភៈ មកដល់បច្ចុប្បន្ន, ក្រុមការងារបានសម្រេចជាគោលការណ៍ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៦៣ ។ ក្នុងពេលខាងមុខដ៏ខ្លីនេះ, ក្រុមការងារនឹងធ្វើការពិនិត្យលើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ២៦ បន្ថែមទៀត ។
សូមជម្រាបជូនថា ការផ្តល់ការលើកទឹកចិត្តពិសេសមានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និង អនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៤ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដំណើរការបានក្នុងឆ្នាំ ២០២៤, ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច និង ៤) គម្រោងដែលមានស្រាប់ ។ ពិតណាស់ថា ការផ្តល់អត្ថប្រយោជន៍ពិសេស គឺផ្តល់ជូនដល់ម្ចាស់គម្រោងគ្រប់ជាតិសាសន៍ ដែលប្រកបធុរកិច្ច ឬ វិនិយោគស្របច្បាប់, ជារូបវ័ន្ត បុគ្គល និង នីតិបុគ្គល ដែលជាសហគ្រាសមីក្រូ, តូច មធ្យម និង ធំ ដោយមិនគិតកម្រៃ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ ជាពិសេស ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីពិសេស ដោយរលូន និង លើកកម្ពស់បរិយាកាសធុរកិច្ចនៅខេត្តព្រះសីហនុ ឱ្យកាន់តែល្អ និង មានលក្ខណៈអំណោយផល ។
ទន្ទឹមនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិនទាំងក្នុង និង ក្រៅប្រទេស ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០ ៕
ដោយ ៖ ង៉ាន់ ទិត្យ