កម្ពុជា-កូរ៉េ ជួបពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាលើការពង្រឹងសមត្ថភាពមន្ត្រី តាមរយៈវគ្គបណ្តុះបណ្តាល និងកម្មវិធី Exchange Program

ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគី នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង មុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម KIM Seung Ho រដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណៈរដ្ឋកូរ៉េ បានពិភាក្សាលើការ ពង្រឹងកិច្ចសហប្រតិបត្តិការរឹតតែស្អិតរមួតទៅថ្ងៃអនាគត និងចែករំលែកនូវបទពិសោធន៍ការងារល្អៗ រវាងគ្នា និងគ្នា ក្នុងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍវិស័យមុខងារសាធារណៈ។

មានប្រសាសន៍ក្នុងជំនួបទ្វេភាគីនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបាន លើកយកនូវយុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់នូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈចំនួន៣ គឺ៖ (១).ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល (២).ការលើកកម្ពស់សមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និង(៣).ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ដែលមានក្រសួងមុខងារសាធារណៈកម្ពុជា ដើរតួនាទីដឹកនាំ និងសម្របសម្រួល។
 
ទន្ទឹមនឹងការរំលឹកដល់អនុស្សារណៈនៃការយោគយល់គ្នាកាលពីឆ្នាំ២០២១ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យមន្រ្តីបច្ចេកទេសរវាងក្រសួងទាំងពីរ បន្តធ្វើការទាក់ទង និងសម្របសម្រួល ដើម្បីអនុវត្តគម្រោងតាមកិច្ចព្រមព្រៀង ជាពិសេសការពង្រឹង​សមត្ថភាពរបស់មន្រ្តីនៃក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល តាមរយៈ​ការផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីដោយផ្ទាល់នៅសាធារណៈរដ្ឋកូរ៉េ និងតាម​ប្រព័ន្ធ Online ព្រមទាំងសិក្សា ពិនិត្យលទ្ធភាពធ្វើកម្មវិធីផ្លាស់ប្តូរ (Exchange Program) ដោយធ្វើការបញ្ជូនមន្រ្តីបច្ចេកទេសជំនាញរៀងៗខ្លួន​មកព្រះរាជាណា​ចក្រ​កម្ពុជា និងសាធារណៈរដ្ឋកូរ៉េដើម្បីសិក្សា និងដកស្រង់បទពិសោធទៅវិញទៅ​មកនៅក្នុងវិស័យមុខងារសាធារណៈ។
 
បន្ថែមលើ ការពិភាក្សាប្រកបដោយភាពស្និតស្នាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានអញ្ជើញ ឯកឧត្តម KIM Seung Ho ចូលរួមក្នុងកិច្ចប្រជុំលើក្របខណ្ឌ​កិច្ចសហប្រតិបត្តិការមុខងារសាធារណៈអាស៊ានបូកបី (ASEAN Cooperation on Civil Service Matters plus three – ACCSM+3) សម្រាប់ឆ្នាំ២០២៥-២០២៦ នាពេលខាងមុខ ដែលក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា នឹង​ទទួល​ធ្វើជាម្ចាស់ផ្ទះ។ ជាការឆ្លើយតប រដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបុគ្គលិក នៃសាធា​រណៈរដ្ឋកូរ៉េ បានទទួលយកសំណើ ព្រមទាំងបង្ហាញភាពសុទិដ្ឋិនិយមថា នឹងចូលរួម​ក្នុងកិច្ចប្រជុំខាងលើតបតាមការអញ្ជើញ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner