សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងពិសាភោជនាហារ​សាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ២៧ មិថុនា ឆ្នាំ២០២៣ ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានការចូលរួមពីបណ្តាសហគ្រាសធុនមីក្រូ តូច និងមធ្យម ទូទាំង២៥ រាជធានី-ខេត្ត រួមទាំងភ្ញៀវជាតិ អន្តរជាតិ សរុបប្រមាណ៥ពាន់នាក់ ។

យោងតាមរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ច នៅ កម្ពុជាឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានបង្ហាញថា កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣ ៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២ ៩៨០ ៥៦៩ នាក់ ក្នុងនោះស្ត្រីមាន ១ ៨៤១ ៣៦២ នាក់។ លទ្ធផលជំរឿនបានបង្ហាញដែរថា វិស័យ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុក សរុបស្មើ ៦៣% និងផ្តល់ការងារលើសពី៧០%(ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និង FASMEC បានឲ្យដឹងថា នេះជាលើកទី៣ហើយ ដែលសមាគមមូលនិធិសម្ដេចតេជោ បានរៀបចំកម្មវិធីពិសាភោជនាហារសាមគ្គី ហើយថ្ងៃនេះក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តធំទី៣ ដែលមិនធ្លាប់មាន និងដើម្បីចូលរួមអបអរសាទរដែលរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ១៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្ដីពីការកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជា «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម» លើកទី១។

ការណ៍នេះ ដើម្បីលើកកម្ពស់ និងគាំទ្រដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា បង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ដឹកនាំសម្របសម្រួលរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ជារៀងរាល់ឆ្នាំ។

លោកបន្ដថា គោលបំណង នៃការបង្កើតសមាគមមូលនិធិសម្តេចតេជោ ដើម្បីរួមចំណែកក្នុងការជួយអភិវឌ្ឍន៍ និងលើកស្ទួយ វិស័យសហគ្រាសធុនតូច និងមធ្យម តាមរយៈការរៀបចំកម្មវិធីសិក្ខាសាលា កម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាព ការផ្គូរផ្គងអាជីវកម្ម ពង្រីក និងនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិ។

ជាក់ស្តែងនៅក្នុងឆ្នាំ២០២២-២០២៣ កន្លងទៅសមាគមមូលនិធីសម្តេចតេជោ និង FASMEC បានរៀបចំសិក្ខាសាលានៅទូទាំង២៥ រាជធានីខេត្ត ដើម្បីផ្តល់នៅចំណេះដឹងទាក់ទងនិង ដំណើរការនៃការត្រៀមខ្លួន ក្នុងការធ្វើទីផ្សារក្នុងស្រុក និងការនាំចេញ ការចែករំលែកព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិរបស់ស្ថាប័នពាក់ព័ន្ធនានា ព័ត៌មានទាក់ទងនឹង ប្រាក់កម្ចី ធនាគារដៃគូ សេវាកម្ម និងក្រុមហ៊ុនដៃគូ និងជាពិសេសគឺដកស្រង់នូវបញ្ហាប្រឈមរបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលកើតឡើងក្នុងសហគ្រាសផ្ទាល់ ដែលសរុបអ្នកចូលរួមមានចំនួន៤,៥០០នាក់ ដែលកម្មវិធីអាចដំណើរការបានដោយមានការ សហការ ជាមួយ មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទ និងមន្ទីរពាណិជ្ជកម្ម មន្ទីរការងារ មន្ទីរទេសចរណ៍ទាំង២៥ រាជធានី-ខេត្តក្រុង។

ក្រៅពីការងារជួយពង្រឹងសមត្ថភាព និងចំណេះដឹង ក្នុងការអភិវឌ្ឍដល់សហគ្រាសធុនតូច និងមធ្យម សមាគមមូលនិធិសម្តេចតេជោ បានចូលរួមចំណែកក្នុងការងារសង្គមសំខាន់ៗ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនដូចជា បានបរិច្ចាគ និងឧបត្ថម្ភជូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន នៅស្រុកកោះក្រឡ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងតាមបណ្ដាខេត្តមួយចំនួនទៀត ជាពិសេសបានចូលរួមជាមួយសាលារាជធានីភ្នំពេញ ដើម្បីទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner