សិង្ហបុរីរឹបអូសបានលុយកខ្វក់ជាង ៤ពាន់លានដុល្លារ
យោងតាមរបាយការណ៍ពីរដ្ឋាភិបាលសិង្ហបុរី សិង្ហបុរីបានរឹបអូសបានលុយកង្វក់ ឬ ប្រាក់ដែលជាប់ ទាក់ទងនឹងឧក្រិដ្ឋកម្ម និងការលាងលុយ ចំនួន៤.៤ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០១៩មក។
ប្រភពបានឲ្យដឹងទៀតថា មកដល់ពេលនេះ ក្នុងចំណោមទឹកប្រាក់ដែលរឹបអូស មានជាង៣០០ លានដុល្លារ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ហើយជាង៧០០លានដុល្លារផ្សេងទៀត ត្រូវបាន ទុកជាសម្បត្តិរដ្ឋ។ របាយការណ៍បន្តថា ការស៊ើបអង្កេត ឬ ដំណើរការតុលាការ កំពុងបន្ត សម្រាប់ប្រាក់ដែលនៅសេសសល់ភាគច្រើន។
ក្នុងវេទិកាហិរញ្ញវត្ថុមួយ កាលពីថ្ងៃពុធ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong បាននិយាយ ថា «ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងធុរកិច្ចអន្តរជាតិ យើងទទួលស្គាល់ថា សិង្ហបុរីប្រឈមមុខនឹងការ លាងលុយកខ្វក់ និងហានិភ័យហិរញ្ញប្បទានភេរវកម្ម កាន់តែធំ..ប៉ុន្តែ យើងប្តេជ្ញាធ្វើអ្វីដែលចាំបាច់ដើម្បី ឆ្លើយតបទៅនឹងហានិភ័យទាំងនេះ និងការពារកេរ្តិ៍ឈ្មោះ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលអាចទុកចិត្ត បាន»។
របាយការណ៍នេះបានចេញផ្សាយ បន្ទាប់ពីរឿងអាស្រូវប្រាក់កខ្វក់ដ៏ធំ បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះស្អាតស្អំ របស់ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កាលពីឆ្នាំមុន។ នៅពេលនោះ មានការឆ្មក់បង្ក្រាប ជាច្រើនដង នៅក្នុងសំណុំរឿងលាងលុយ សរុបជាង២ពាន់លានដុល្លារអាមេរិក។ វាត្រូវបានចាត់ទុកជាករណីធំបំផុតមួយ របស់ពិភពលោក ក្នុងនោះ មានការរឹបអូសទ្រព្យសម្បត្តិ, រថយន្ត និងទំនិញប្រណីតៗ ព្រមទាំង ការចាប់ខ្លួនជនបរទេស ជាច្រើននាក់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត