ពិភពលោកខាត ១.៣ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ដោយសារជម្លោះសកល
ហ្សឺណែវ៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវិនិយោគផ្ទាល់ពីបរទេសនៅទូទាំងពិភពលោក បានធ្លាក់ចុះជាលើកទីពីរជាប់ៗគ្នាក្នុងឆ្នាំ ២០២៣ ចំពេលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ គួបផ្សំនឹងការកើនឡើងភាពតានតឹងពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ។
ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានធ្លាក់ចុះ ២ភាគរយ មកត្រឹម ១.៣ពាន់ពាន់លានដុល្លារកាលពីឆ្នាំ ២០២៣ នេះបើយោងតាមរបាយការណ៍ថ្មី របស់ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNCTAD)។
ទីភ្នាក់ងារ UNCTAD បានបញ្ជាក់ថា កាលពីឆ្នាំមុន លំហូរការវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍បានធ្លាក់ចុះ ៧ភាគរយ មកនៅត្រឹម ៨៦៧ពាន់លានដុល្លារ និងបានឆ្លុះបញ្ចាំងពីការថយចុះចំនួន ៨ភាគរយនៅប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី។ រីឯលំហូរ FDI ទៅកាន់ទ្វីបអាហ្រ្វិកក្នុងពេលជាមួយគ្នានេះបានធ្លាក់ចុះ ៣ភាគរយ ដល់ ៥៣ពាន់លានដុល្លារ។
ប៉ុន្តែ UNCTAD បានគូសបញ្ជាក់ថា ទ្វីបកំពុងទាក់ទាញ គម្រោងធំៗជាសកលមានចំនួន៦ មានតម្លៃជាង ៥ពាន់លានដុល្លារ។ UNCTAD បាននិយាយថា ទស្សនវិស័យសម្រាប់ FDI នៅតែមានការប្រឈមនៅក្នុងឆ្នាំ ២០២៤ ប៉ុន្តែបានគូសបញ្ជាក់ពីការវិវត្តវិជ្ជមានមួយចំនួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា