សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិនមួយ គ្រោងដាក់ទុនផលិតនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិនមួយ គ្រោងដាក់ទុនផលិតនៅកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ២៧ មិថុនា ឆ្នាំ២០២៣ ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រុមហ៊ុន ប៊ីវ៉ាយឌី (BYD) ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី របស់ចិន គ្រោងមកដាក់ទុនបើករោងចក្រ ផលិតរថយន្តនៅកម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រៅពីក្រុមហ៊ុន BYD យើងនៅមានក្រុមហ៊ុនចំនួន ពីរទៀតដែលបានស្នើសុំមកបើករោងចក្រនៅកម្ពុជា បន្ទាប់ពីយើងមានរួចហើយនូវក្រុមហ៊ុនរថយន្តហ្វតរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុនតូយ៉ូតារបស់ប្រទេសជប៉ុន និងក្រុមហ៊ុនហ៊ីយ៉ាន់ដាយ របស់ប្រទេសកូរ៉េខាងត្បូង ដែលកំពុងដំណើរការសកម្មភាពការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាការពង្រីកសេដ្ឋកិច្ចរបស់កម្ពុជា ដោយសម្តេចសង្ឃឹមថា នៅថ្ងៃខាងមុខ ក្រុមហ៊ុនធំៗមកពីខាងក្រៅប្រទេសទាំងឡាយនឹងអាចភ្ជាប់ខ្លួនជាបណ្តាក្រុមហ៊ុនតូច និងមធ្យម នៅកម្ពុជា សម្រាប់ការផ្គត់ផ្គង់គ្រឿងផ្សំជាក់ជាមិនខានឡើយ ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលបាន និងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ បំផុតទៅលើសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលអាទិភាពមួយក្នុងចំណោមអាទិភាព ទាំងប្រាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ខណៈបច្ចុប្បន្ននេះ កម្ពុជា មានសហគ្រាសធុនមីក្រូតូច និងមធ្យមប្រមាណ ៩០ភាគរយ លើមូលដ្ឋានផលិតកម្មអាជីវកម្មសរុប និងបានផ្តល់ការងារពី ៦០ភាគរយ ទៅ៧០ភាគរយ និងបានរួមចំណែកយ៉ាងសំខាន់នៅលើផលិតផលក្នុងស្រុក ។

សូមជម្រាបថា BYD បានបង្កើតកេរ្តិ៍ឈ្មោះដ៏ល្អនៅក្នុងទីផ្សារពិភពលោក និងទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយពីអ្នកប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាថាមពលថ្មី។ ជាមួយនេះ ក្រុមហ៊ុន Harmony Auto បានផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការពង្រីករបស់ BYD នៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងការលក់រថយន្តប្រណិត និងបទពិសោធន៍ប្រតិបត្តិការលក់រថយន្ដប្រណិតៗនិងធនធាន ។ Harmony Auto គឺជាភ្នាក់ងារផ្ដាច់មុខរបស់ BYD នៅកម្ពុជា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេស និងតំបន់តាមបណ្តោយ “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” ក្រុមហ៊ុន Harmony Automobile និង BYD បានរួមគ្នារួមចំណែកដល់ភាពរុងរឿង និងការអភិវឌ្ឍន៍នៃឧស្សាហកម្មរថយន្តថាមពលថ្មីជាសកល។ បង្ហាញពីការកាតព្វកិច្ច និងការទំនួលខុសត្រូវរបស់សហគ្រាសចិន ។

សូមរំលឹកថា ក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល កាលជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ តំណាងក្រុមហ៊ុន BYD Auto Industry បានបង្ហាញនូវផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន២០០ ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ឯកភាពជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការស្វែងរកទីតាំងសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលទាំង២០០ ដោយក្នុងនោះក្រសួងផ្ដល់ការអនុញ្ញាតឱ្យរៀបចំដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត។ បន្ថែមពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឯកភាពឱ្យមានការចុះ MoU រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន BYD ក្នុងការបណ្ដុះបណ្ដាលមន្ត្រី ក៏ដូចជានិស្សិតកម្ពុជាឱ្យទៅសិក្សាវគ្គសិក្សាខ្លីៗនៅក្រុមហ៊ុន BYD ឬនៅកម្ពុជាផ្ទាល់ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner