សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យឯកជន ដើរតួនាទីបំពេញឲ្យរដ្ឋ ខណៈការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ត្រូវការចូលរួម ពីវិស័យឯកជន

ភ្នពេញ៖ វិស័យឯកជន ដើរតួនាទីបំពេញឲ្យរដ្ឋ ខណៈការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មិនអាចពឹងផ្អែកតែរដ្ឋបានទេ គឺត្រូវការចូលរួមពីវិស័យឯកជន ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ២៧ មិថុនា ឆ្នាំ២០២៣ ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិស័យឯកជន បានដើរតួនាទីបំពេញឱ្យរដ្ឋ ព្រោះរដ្ឋធ្វើតែឯងមិនទាន់នោះទេ សូម្បីតែរឿងសុខាភិបាល ។ វិស័យសុខាភិបាល បើសិនជាយើង ពឹងតែពេទ្យរដ្ឋទៅអត់រួចទេ សូម្បីតែពេទ្យកាល់ម៉ែត្រធ្វើ ៨ជាន់ បើសិនជាយកអ្នកជំងឺទាំងអស់ចូលទៅក្នុងនោះ ប្រហែលជាអត់មានសូម្បីតែ កន្លែងស្នាក់នៅ ពេលសម្រាកខ្លះ អត់មានបន្ទប់គ្រប់ផង ។ សម្ដេច ថា កម្ពុជា មានគ្លីនិកឯកជន មានប៉ុស្ដិ៍ពិគ្រោះយោបល់ ហើយនៅតាមខេត្តដូចគ្នា ដែលនេះហើយ ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។

សម្ដេចធិបតី បានបន្តថា វិស័យហេដ្ឋារចនាសម្ពន្ធ ឬវិស័យការងារជាដើម រដ្ឋមិនអាចយកប្រជាពលរដ្ឋឱ្យចូលធ្វើការ ១ឆ្នាំ ២០ម៉ឺននាក់នោះទេ គឺត្រូវមានវិស័យឯកជនជួយស្រូបយក, សាលារៀនក៏ដូចគ្នា គឺត្រូវមានសាលាឯកជនពង្រាយនៅតាមខេត្ត ដើម្បីឱ្យនិស្សិតនៅតាមខេត្តអាចមានលទ្ធភាពចូលរៀន, វិស័យសុខាភិបាលក៏ដូចគ្នា ប្រសិនបើពឹងតែពេទ្យរដ្ឋ គឺព្យាបាលអ្នកជំងឺមិនទាន់ទេ ដូច្នេះត្រូវមានគ្លីនិកឯកជនដើម្បីជួយព្យាបាល។

សម្ដេច ថា ចំពោះហេដ្ឋារចនាសម្ពន្ធ រដ្ឋយើងបានផ្លូវជាតិ ផ្លូវលំមួយចំនួន ប៉ុន្តែបើចង់ធ្វើឱ្យលឿនដូចជាផ្លូវហាយវ៉េ ឬព្រែកជីកហ៊្វូណន ឬធ្វើផ្លូវដែក ប្រសិនគ្មានការចូលរួមពីវិស័យឯកជន រដ្ឋយើងប្រាកដជាធ្វើយូរ អីចឹងបានបើកឱ្យវិស័យឯកជនជួយធ្វើ តាមរយៈយន្តការ BOT ជាដើម ។

សម្ដេចបានបន្ថែមថា គុណសម្បត្តិម្យ៉ាងទៀតនៃវិស័យ ឯកជន គឺធានាប្រសិទ្ធភាព និងប្រសិទ្ធផល។ សម្ដេចធិបតី ថា មិនមែនរដ្ឋគ្មានសមត្ថភាពធ្វើបានល្អដូចឯកជននោះទេ ប៉ុន្តែភាគីរដ្ឋមានការងារជាច្រើន ដែលត្រូវផ្ដល់សេវាកម្មជាច្រើន ទើបប្រគល់ឱ្យភាគីឯកជនជួយធ្វើ ហើយរដ្ឋផ្ដោតលើគោលនយោបាយ និងការគាំទ្រផ្សេងៗ ។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការផ្ដល់សិទ្ធិដល់វិស័យឯកជនជួយ អនុវត្ត កិច្ច ការសុខាភិបាល ការងារ អប់រំ ឬក៏ហេដ្ឋារចនាសម្ព័ន្ធទាំងនេះហើយ គឺជាកា រអនុវត្ត សេដ្ឋកិច្ចទីផ្សារសេរី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner