សម្តេចតេជោ ហ៊ុន សែន៖ ខួបអនុស្សាវរីយ៍នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាឆ្នាំនេះ បានប្រព្រឹត្តឡើងក្នុងបរិការណ៍ដែលកម្ពុជាសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតលើគ្រប់វិស័យ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាថ្ងៃគម្រប់ខួប៧៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា «បក្សប្រជាជនបដិវត្តន៍ខ្មែរ» មានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើបុព្វហេតុដ៏ឧត្ដុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗរបស់ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការតស៊ូរំដោះជាតិ, ការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍, ការការពារ ស្ដារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍ។ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលបានគាំទ្រ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មជូនជាតិប្រកបដោយជោគជ័យក្នុងរយៈពេលជាង៤៥ឆ្នាំ កន្លងទៅនេះ។

សម្តេចតេជោបន្តថា ក្នុងឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតាជាតិ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ និងជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី។

សម្តេចតេជោបានបន្តទៀតថា យើងជួបជុំគ្នាប្រារព្ធពិធីដ៏ឱឡារិកនេះឡើង ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានតស៊ូពុះពារធ្វើពលិកម្មយ៉ាងធំធេងដើម្បីប្រទេសជាតិនៅគ្រប់ដំណាក់កាល ដែលធ្វើឱ្យកម្ពុជាស្ថិតស្ថេរគង់វង្ស និងមានអ្វីៗនៅថ្ងៃនេះ។ យើងទាំងអស់គ្នាចងចាំជានិច្ចនូវវីរភាពដ៏ថ្លៃថ្លានេះ ហើយប្ដេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត បន្តថែរក្សារាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សស្ថិតស្ថេរជារៀងរហូត។ ខួបអនុស្សាវរីយ៍នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាឆ្នាំនេះ ក៏បានប្រព្រឹត្តឡើងក្នុងបរិការណ៍ដែលកម្ពុជាសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតលើគ្រប់វិស័យ និងបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្តទៅដោយជោគជ័យ នៅដើមឆ្នាំ២០២៤នេះ៕
ដោយ៖ពលជ័យ

ads banner