សម្តេចតេជោ ហ៊ុន សែន៖ រយៈពេល៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រយៈពេល៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ទោះបីសភាពការណ៍ជាតិមានការវិវត្តដ៏ស្មុគស្មាញយ៉ាងណាក្ដី។

សម្តេចតេជោបានអះអាងថា គណបក្សបានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តមគតិសេ្នហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

សម្តេចតេជោបានរម្លឹកថា ពេលប្រទេសជាតិទាំងមូលត្រូវធ្លាក់ក្នុងគ្រោះមហន្តរាយនៃអំពើប្រល័យពូជសាសន៍ ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត គណបក្សបានដឹកនាំការតស៊ូប្រយុទ្ធវាយផ្ដួលរំលំរបបដ៏សាហាវឃោរឃៅនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា និងបានដណ្ដើមយកមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត៕
ដោយ៖ពលជ័យ

ads banner