សម្ដេចតេជោ ហ៊ុន សែន ៖ បច្ចុប្បន្ន ដំណើរជាតិយើងកំពុងបន្តប្រព្រឹត្តទៅប្រកបដោយ ភាពវិជ្ជមាន

ភ្នំពេញ៖ បច្ចុប្បន្ន ដំណើរជាតិយើងកំពុងបន្តប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន ក្រោយការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង ២៥ឆ្នាំ ដែលបាន អនុញ្ញាតឱ្យប្រទេសប្រមូលផ្ដុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនយ៉ាងលឿន ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា កម្ពុជា ក្នុងមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង ២៥ ឆ្នាំមកនេះ បានអនុញ្ញាតឱ្យយើងប្រមូលផ្ដុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនយ៉ាងលឿន ដោយបានចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដើម្បីបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ន ដំណើរជាតិយើងកំពុងបន្តប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន។ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ប្រជាជនយើងបន្តសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតក្នុងការអភិវឌ្ឍសង្គមជាតិ ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងត្រូវបន្តដោះស្រាយផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀតជាច្រើនក្ដី។ ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ បានបង្ហាញច្បាស់ថាព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ គឺមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។

ជាមួយនេះ សម្ដេចប្រធានគណបក្ស បានគូសបញ្ជាក់ឡើងវិញថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យគណបក្សអនុវត្តនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការប្រគល់ភារកិច្ចដឹកនាំប្រទេសជាតិដល់ជួរអ្នកបន្តវេនវ័យក្មេង ដែលត្រូវបានបណ្ដុះបណ្ដាល និងត្រៀមលក្ខណសម្បត្តិយ៉ាងម៉ត់ចត់។ កិច្ចការនេះបានប្រព្រឹត្តទៅដោយរលូនក្នុងស្មារតីរក្សាដាច់ខាតនូវនិរន្តរភាពជាតិ និងដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។

សម្ដេចបន្តថា មកដល់ពេលនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគ្រប់គ្រងប្រទេសប្រកបដោយភាពជោគជ័យ ។ ជាក់ស្ដែង សន្តិភាព និងស្ថិរភាពនយោបាយត្រូវបានការពារយ៉ាងរឹងមាំ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចបន្តមានកំណើន, សង្គមមានស្ថិរភាព ព្រមជាមួយនោះ កិត្យានុភាពជាតិក៏កាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ។ ឆ្លងតាមការពិតជាក់ស្ដែងទាំងអស់នេះ បានឆ្លុះបញ្ចាំងច្បាស់នូវការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាក្នុងការប្រគល់ភារកិច្ចដឹកនាំដល់ជួរអ្នកបន្តវេន ។

សម្ដេចតេជោ បន្ថែមថា ការប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នូវការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងឆ្នាំ២០២៤នេះ បានបង្ហាញពីភាពចាស់ទុំ និងការបោះជំហានយ៉ាងរឹងមាំនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលផ្ទុយស្រឡះពីអតីតកាលដែលភាគីខ្មែរបដិបក្សតែងតែប្រើប្រាស់អាវុធដើម្បីប្រឆាំងដណ្ដើមអំណាចគ្នា។ ព្រមជាមួយនោះ តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតទាំងអស់នេះ ក៏កាន់តែបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតទៅមុខទៀត ហើយបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះរាល់សកម្មភាពប្រទូសរ៉ាយរបស់ពួកប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ បង្កភាពវឹកវរក្នុងសង្គម សំដៅឈានទៅបំផុសបដិវត្តន៍ពណ៌សាជាថ្មីទៀត ។

ក្នុងនាមគណៈកម្មាធិការកណ្ដាល សម្ដេចប្រធានកិត្តិយសគណបក្ស និងសម្ដេចផ្ទាល់ សូមសម្ដែងការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់មុតមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតគាំទ្រគណបក្សយ៉ាងច្រើនលើសលប់បំផុត។ សម្ដេចថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមការងាររបស់គណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីរបស់គណបក្សទាំងអស់ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ធ្វើការបម្រើប្រជាជន និងអនុវត្តរាល់ភារកិច្ចដែលគណបក្សបានប្រគល់ជូនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។ គឺផ្ដើមពីសកម្មភាពទាំងអស់នេះហើយ ដែលធ្វើឱ្យគណបក្សយើងទទួលបានជ័យជម្នះនៅគ្រប់កាលៈទេសៈ ។

សម្ដេចតេជោ បានគូសបញ្ជាក់ថា ឆ្លើយតបនឹងជំនឿទុកចិត្តនេះ គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាបន្តធ្វើអ្វីៗគ្រប់យ៉ាងក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីពង្រឹងធ្លុងសាមគ្គីភាព ឯកភាពជាតិ,ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ,ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ និងបន្តជំរុញពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពរបស់ប្រជាជន ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner