រាជរដ្ឋាភិបាលកម្ពុជា បន្ដធានាដល់សុខសន្តិភាព និងស្ថិរភាពសង្គម ដើម្បីបន្ដអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកុំឲ្យវិស័យឯកជនមានការព្រួយបារម្ភ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បន្ដធានាដល់សុខសន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម ដើម្បីបន្ដអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកុំឲ្យវិស័យឯកជនមានការព្រួយបារម្ភ ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ២៧ មិថុនា ឆ្នាំ២០២៣ ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅកម្ពុជា មានសហគ្រាសធុនមីក្រូ តូច និងមធ្យមមានជាង ៧៥០,០០០មូលដ្ឋាន ខណៈរយៈពេល ១០ខែនេះ រាជរដ្ឋាភិបាល នីតិកាលថ្មី គឺធានាបាននូវម៉ាក្រូសេដ្ឋកិច្ច ខណៈដែលពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ។

សម្តេចធិបតី បានបញ្ជាក់ថា អ្វីដែលយើងត្រូវធ្វើ គឺវិស័យឯកជនខ្លាចបំផុតស្ថិរភាពបាត់បង ទាំងវិនិយោគិនមកវិនិយោគក្នុងស្រុកខ្មែរទាំងវិនិយោគិនក្នុងស្រុក។ បើត្រូវការអភិវឌ្ឍដាក់លុយបន្ថែម វិនិយោគលើការពង្រីកសាខា ហាងគុយទាវមួយ ថ្ងៃក្រោយត្រូវគិតថា ស្ថិរភាពមាន ឬបាត់។ បើដាក់ទៅបាត់ស្ថិរភាព អត់ដាក់ទេ។ អ៊ីចឹង ការធានាធំមួយរបស់រាជរដ្ឋាភិបាល សម្រាប់វិស័យឯកជន គឺការធានាសុខសន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម ដែលត្រូវការពារឲ្យបានដាច់ខាត នៅក្នុងតម្លៃណាក៏ដោយ ។

សម្ដេចធិបតី បានលើកឡើងពីអ្វីដែលរាជរដ្ឋាភិបាលនីតិកាលទី៧ បានធ្វើក្នុងពេល ១០ខែនេះថា ទី១.ការធានាធំមួយរបស់រាជរដ្ឋាភិបាល គឺការធានានូវសន្តិភាព ស្ថិរភាពសង្គម ដែលត្រូវការពារឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ, ដើម្បីធានាសិទ្ធិ និងសេរីភាពរបស់វិស័យឯកជន រាជរដ្ឋាភិបាលបានតួនាទីក្នុងការបង្កើតការងារ ជួយជំរុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទី២. រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងទប់ស្កាត់តម្លៃប្រេង តម្លៃអគ្គិសនី ខណៈប្រទេសខ្លះឡើងថ្លៃ១ ជា៣ ឬ ១ជា៤ ដោយសារតែវិបត្តិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន, រដ្ឋាភិបាលក៏បានប្រឹងប្រែងផលិតថាមពលកកើតឡើងវិញ ដូចជាថាមពលសូឡាជាដើម ដើម្បីទប់លំនឹងថាមពលនិងតម្លៃប្រើប្រាស់។ ទី៣. ការធានាដល់សេដ្ឋកិច្ចទីផ្សារ ការដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចផ្សេងៗ ការគាំទ្រប្រព័ន្ធសេដ្ឋកិច្ចទីផ្សារបានធានាដល់ក្របខណ្ឌគតិយុត្ត ។

សម្ដេចនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា សេដ្ឋកិច្ចកម្ពុជាមិនទាន់ដំណើរការល្អដូចមុនដំណាក់កាលកូវីដ ប៉ុន្ដែរាជរដ្ឋាភិបាល ដាក់ចេញវិធានការបន្ដបន្ទាប់ ដើម្បីដោះស្រាយបញ្ហានានា ហើយសម្ដេច នៅតែបន្ដលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់វិស័យឯកជន ។ រាជរដ្ឋាភិបាល នៅតែបន្តលើការវិនិយោគលើធនធានមនុស្ស វិនិយោគលើហេដ្ឋារចនាសម្ពន្ធ អភិវឌ្ឍកំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធប្រឡាយ ព្រែកជីកហ្វ៊ូណនតេជោ រៀបចំ និងកែសម្រួលប្រព័ន្ធឡូជីស្ទីក ប្រព័ន្ធដឹកជញ្ជូន ចរចារៀបចំការដឹកជញ្ជូនផ្លូវដែក ការធ្វើផ្លូវនៅតាមបណ្ដារាជធានី-ខេត្ត ការខិតខំស្ដារវិស័យទេសចរណ៍ ពោលគឺក្នុងរយៈពេល ១០ខែនេះមិនបានផ្អាកឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការតភ្ជាប់ជើងហោះហើរត្រង់ជាមួយឥណ្ឌា ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្ពុជា។ ថ្ងៃនេះដែរ សម្ដេចធិបតីក៏បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសថៃ ដើម្បីភ្ជាប់ទំនាក់ទំនងលើវិស័យទេសចរណ៍ឱ្យកាន់តែល្អប្រសើរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner