សម្តេចតេជោ៖ យើងបានធ្វើឱ្យបរាជ័យគ្រប់ជំហានចំពោះឧបាយកល និងសកម្មភាពប្រទូសរ៉ាយឥតឈប់ឈររបស់កម្លាំងនយោបាយជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន ដែលប៉ុនប៉ងផ្ដួលរំលំគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រជាជនជ្រោងទង់មហាសាមគ្គីជាតិ ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ទប់ស្កាត់ការប៉ុនប៉ងនាំយករបបប្រល័យពូជសាសន៍មកវិញ និងស្ដារកសាងមាតុភូមិឡើងវិញពីគំនរផេះផង់។ យើងពិតជាមិនអាចរៀបរាប់អស់អំពីឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូកដែលយើងបានជួប និងឆ្លងកាត់ក្នុងរយៈពេលជាង៤៥ឆ្នាំ មកនេះបានឡើយ ប៉ុន្តែយើងអាចអះអាងប្រកបដោយមោទនភាពបំផុត អំពីបណ្ដាសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដែលយើងសម្រេចបានក្នុងការស្ដារ ការកសាង និងអភិវឌ្ឍសង្គមជាតិ ដោយចាប់ផ្ដើមពីស្ថានភាពវិនាសអន្តរាយខ្ទេចខ្ទីដោយអំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ មកកាន់ស្ថានភាពដែលប្រទេសជាតិទាំងមូលមានសន្តិភាព ឯកភាពជាតិពេញលេញ និងមានការផ្លាស់ប្ដូររីកចម្រើនលើគ្រប់វិស័យ។

សម្តេចតេជោបញ្ជាក់ថា យើងបានធ្វើឱ្យបរាជ័យគ្រប់ជំហានចំពោះឧបាយកល និងសកម្មភាពប្រទូសរ៉ាយឥតឈប់ឈររបស់កម្លាំងនយោបាយជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន ដែលប៉ុនប៉ងផ្ដួលរំលំគណបក្សប្រជាជនកម្ពុជា។ ការរស់ឡើងវិញរបស់ប្រជាជាតិខ្មែរយើងដែលបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍, ការបង្កើតបានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ ឈ្នះ និងការអភិវឌ្ឍដ៏រស់រវើករបស់សង្គមជាតិយើងបច្ចុប្បន្ននេះ គឺជាតថភាពប្រវត្តិសាស្ត្រ ដែលយើងទាំងអស់គ្នាជាខ្មែរគប្បីមានការយល់ដឹងឱ្យបានច្បាស់ និងចងចាំជានិច្ចដើម្បីធានាការកសាងអនាគតមួយរបស់កម្ពុជាប្រកបដោយភាពរុងរឿង ដែលគ្មានអំពើប្រល័យពូជសាសន៍ គ្មានការបែកបាក់ជាតិ និងសង្គ្រាមជាថ្មីទៀត។

សម្តេចតេជោបញ្ជាក់ទៀតថា ការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង២៥ ឆ្នាំមកនេះ បានអនុញ្ញាតឱ្យយើងប្រមូលផ្ដុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនយ៉ាងលឿន ដោយបានចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដើម្បីបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ បច្ចុប្បន្ន ដំណើរជាតិយើងកំពុងបន្តប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន។ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ប្រជាជនយើងបន្តសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀក្នុងការអភិវឌ្ឍសង្គមជាតិ ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងត្រូវបន្តដោះស្រាយផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀតជាច្រើនក្ដី។ ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ បានបង្ហាញច្បាស់ថាព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ គឺមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។

សម្តេចគូសបញ្ជាក់ឡើងវិញថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យគណបក្សអនុវត្តនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការប្រគល់ភារកិច្ចដឹកនាំប្រទេសជាតិដល់ជួរអ្នកបន្តវេនវ័យក្មេង ដែលត្រូវបានបណ្ដុះបណ្ដាល និងត្រៀមលក្ខណសម្បត្តិយ៉ាងហ្មត់ចត់។ កិច្ចការនេះបានប្រព្រឹត្តទៅដោយរលូនក្នុងស្មារតីរក្សាដាច់ខាតនូវនិរន្តរភាពជាតិ និងដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ មកដល់ពេលនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគ្រប់គ្រងប្រទេសប្រកបដោយភាពជោគជ័យ។ ជាក់ស្ដែង សន្តិភាព និងស្ថិរភាពនយោបាយត្រូវបានការពារយ៉ាងរឹងមាំ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចបន្តមានកំណើន, សង្គមមានស្ថិរភាព ព្រមជាមួយនោះ កិត្យានុភាពជាតិក៏កាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ។ ឆ្លងតាមការពិតជាក់ស្ដែងទាំងអស់នេះ បានឆ្លុះបញ្ចាំងច្បាស់នូវការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាក្នុងការប្រគល់ភារកិច្ចដឹកនាំដល់ជួរអ្នកបន្តវេន៕
ដោយ៖ពលជ័យ

ads banner