សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានភាពវិជ្ជមានច្រើនជាងបណ្ដាប្រទេសនានាក្នុងតំបន់
ភ្នំពេញ៖ សម្ដេចធិបតី បានថ្លែងថា កម្ពុជា មានភាពវិជ្ជមានច្រើនជាងបណ្ដាប្រទេសនានាក្នុងតំបន់ ដែលនេះបានបង្ហាញពីភាពជោគជ័យនៃការដើរទាក់ម៉ូយ គឺដើម្បីធ្វើឱ្យអ្នកខាងក្នុងប្រទេស មានការរីកចម្រើន និងជោគជ័យ។ នេះជាការព្យាករណ៍របស់វិទ្យាស្ថានមួយរបស់អូស្ដ្រាលី ហើយត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងនៅក្នុងឱកាសញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិទ្យាស្ថានអូស្រ្តាលីមួយ ទើបនឹងចេញរបាយការណ៍ដោយគេមើលពីអំណាចនៃភាពទាក់ទាញរបស់កម្ពុជា ប្រៀបធៀបនឹងឆ្នាំ២០២២ ។ អញ្ចឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុន្មាននេះ កម្ពុជាបូក០៧ បានន័យថា កំណើនសក្តានុពល នៃការទាក់ទាញវិស័យឯកជនលឿនជាងគេនៅក្នុងតំបន់នេ, ដែលនេះជាភាពជោគជ័យរបស់យើង ។
សម្តេចបានបន្តថា វិទ្យាស្ថាននេះ បានធ្វើការស្ទង់មតិចំពោះអ្នកវិនិយោគនៅបរទេស ដែលនេះជាមោទនភាពរបស់ជាតិកម្ពុជា។ ការព្យាករណ៍ និងអនាគតកម្ពុជាដែលយើងបានព្យាករណ៍គឺត្រឹមត្រូវ ដែលនេះមិនមែនតែរដ្ឋយើងទេ គឺជាបរទេសអ្នកព្យាករណ៍។
សម្តេចធិបតី បានបន្ថែមថា អ្នកវិនិយោគ គេតែងតែមើលនូវទស្សនៈផ្សេងៗ ។ ប្រទេសមួយចំនួនបានធ្លាក់ចុះ ប៉ុន្តែកម្ពុជាស្ថិតនៅខ្ពស់ជាងគេ។ នេះជាលទ្ធផលផ្លែផ្កាដែលសម្តេច រួមជាមួយមន្រ្តីរាជរដ្ឋាភិបាល បានដើរទាក់ម៉ូយកន្លងទៅ ដែលសម្តេចធ្លាប់បានលើកឡើងថា ចាបមួយក្នុងដៃប្រសើរជាងចាប១០០ដែលហើរលើមេឃ ។
សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកការវាយតម្លៃជាវិជ្ជមាននេះថា នឹងធ្វើឱ្យវិនិយោគិនបរទេស មកកម្ពុជាកាន់តែច្រើនថែមទៀត ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ