សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រដ្ឋបន្ដគាំទ្រដល់វិស័យឯកជន តែវិស័យឯកជន ត្រូវខិតខំពង្រឹងខ្លួនឯង

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បន្ដគាំទ្រដល់វិស័យឯកជន តែសម្ដេចសូមផ្ដាំវិស័យឯកជនកុំរក្សាផ្នត់គំនិតថា រដ្ឋផ្ដល់ការអនុគ្រោះរហូត ព្រោះវានឹងមិនផ្ដល់ការរីកចម្រើននោះឡើយ ។ ជាមួយនេះ សម្ដេចសូមអំពាវនាវឲ្យវិស័យឯកជន ត្រូវខិតខំពង្រឹងខ្លួនឯង ដើម្បីក្លាយជាតួអង្គកាន់តែច្រើន រីកកាន់តែធំមានលំនឹង ។

ការបញ្ជាក់ដូច្នេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងក្នុងកម្មវិធី ជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ២៧ មិថុនា ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់វិស័យឯកជន ក្នុងនោះរាជរដ្ឋាភិបាលបានផ្ដល់ការអនុគ្រោះជាច្រើន ពិសេសក្នុងអំឡុងពេលកំពុងតែជួបការលំបាកនេះ ប៉ុន្ដែខ្ញុំសូមឲ្យវិស័យឯកជន កុំឲ្យមានផ្នត់គំនិតថា ត្រូវតែរដ្ឋផ្ដល់ការអនុគ្រោះរហូត ប្រសិនបើនៅតែបន្ដពឹងផ្អែក លើការអនុគ្រោះពីរដ្ឋរហូតនោះ នឹងមិនមានការរីកចម្រើននោះឡើយ ។

សម្ដេចធិបតីបានបន្ដថា កម្ពុជា នឹងក្លាយជាប្រទេសអ្នកមានក្នុងឆ្នាំ២០៥០ ដូច្នេះមុននឹងក្លាយជាប្រទេសអ្នកមាន យើងត្រូវតែធ្វើដំណើរចាកចេញពី ប្រទេសក្រីក្រក្នុងឆ្នាំ២០២៩ នៅពេលយើងចេញពីប្រទេសអភិវឌ្ឍន៍តិច គេនឹងដកគោលការណ៍អនុគ្រោះមួយចំនួន នាំចេញទំនិញទៅប្រទេសមួយចំនួន នឹងលែងទទួលបានការអនុគ្រោះ, ប្រទេសមួយចំនួននឹងឈប់ផ្ដល់កម្ចីដល់កម្ពុជា ដូច្នេះដើម្បីក្លាយខ្លួនជាប្រទេសអ្នកមានត្រូវតែរឹងមាំ មិនអាចផ្ដេចផ្ដួលលើការអនុគ្រោះ ពីបណ្ដាប្រទេសមួយចំនួនរហូតឡើយ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះជាកិច្ចការសំខាន់ហើយសម្ដេចគិតថា វិស័យឯកជន ត្រូវតែខិតខំប្រឹងប្រែង រដ្ឋាភិបាលនឹងជួយផ្ដល់ឲ្យ ប៉ុន្ដែសម្ដេច សូមអំពាវនាវឲ្យវិស័យឯកជន ត្រូវខិតខំពង្រឹងខ្លួនឯង ដើម្បីក្លាយជាតួអង្គកាន់តែច្រើន រីកកាន់តែធំមានលំនឹង សូម្បីតែសហគ្រាសធុនតូច និងមធ្យម នៅថ្ងៃក្រោយក៏មានការពង្រឹងខ្លួនច្បាស់លាស់ ទើបធ្វើឲ្យវិស័យឯកជនរឹងមាំ សេដ្ឋកិច្ចរឹងមាំ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner