សម្ដេចតេជោ ហ៊ុន សែន៖ ឆ្លងកាត់កំណាត់ផ្លូវដ៏វែងជាង ៤៥ឆ្នាំ គណបក្សប្រជាជនកម្ពុជាជាបង្អែកដ៏កក់ក្ដៅរបស់ប្រជាជន នៅគ្រប់កាលៈទេសៈ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ឆ្លងកាត់កំណាត់ផ្លូវដ៏វែងរយៈពេលជាង ៤៥ឆ្នាំ មកនេះ បានបង្ហាញយ៉ាងច្បាស់អំពីសារជាតិ និងសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេស។ គណបក្សប្រជាជនកម្ពុជា ជាតំណាងនៃផលប្រយោជន៍ដ៏បរិសុទ្ធរបស់ប្រជាជន ជាបង្អែកដ៏កក់ក្ដៅរបស់ប្រជាជននៅគ្រប់កាលៈទេសៈ និងបានដឹកនាំប្រជាជនឆ្លងកាត់ពេលវេលាដ៏សែនលំបាកបំផុត ឈានពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ ដែលមានអត្ថន័យយ៉ាងធំធេងចំពោះការ ឋិតថេរគង់វង្ស និងការរីកចម្រើនរបស់ជាតិ។
ថ្លែងក្នុងមីទ្ទីងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១- ២៨ មិថុនា ២០២៤ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោហ៊ុន សែន បានបន្តថា ជំនឿទុកចិត្តរបស់ប្រជាជន គឺជាការ ទទួលខុសត្រូវរបស់គណបក្សក្នុងការកសាងប្រវត្តិសាស្ត្រប្រកបដោយមោទនភាពរបស់ជាតិ ដែលមនុស្សគ្រប់រូបក្នុងសង្គមសុទ្ធតែ មានចំណែកចូលរួមប្រកបដោយមនសិការ ក្នុងគោលបំណងរួមគ្នា ការពារជាតិ ការពារភាពសុខសាន្ដរបស់ប្រជាជនគ្រប់រូប និងសម្រេចនូវវឌ្ឍនភាពសង្គម។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព ក្នុងការដឹកនាំត្រូវតែមានភាពត្រឹមត្រូវខាងនយោបាយទាំងយុទ្ធសាស្ត្រ និងយុទ្ធវិធី ទើបធានាបាននូវជោគជ័យ។ នយោបាយរបស់គណបក្ស មិនឆ្វេង មិនស្ដាំ មិនបាត់ម្ចាស់ការ គឺមានភាពប្រាកដជាក់ស្ដែង ទោះត្រូវប្រឈមនឹងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ បើគ្មានភាពត្រឹមត្រូវខាងនយោបាយ ការដឹកនាំនឹងត្រូវបរាជ័យជាមិនខាន។ ដូច្នេះ ជានិច្ចកាល ត្រូវឈរលើឧត្តមគតិស្នេហាជាតិ គួបផ្សំនឹងមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស ដើម្បីដាក់ចេញនូវកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចនានាដែលស្របជាមួយនឹងការវិវត្តនៃសភាពការណ៍ជាក់ស្ដែងក្នុងប្រទេស និងសភាពការណ៍ក្រៅប្រទេស។
សម្ដេចតេជោ បានបន្តថា ប្រជាជន គឺជាកត្តាសម្រេច នៃជ័យជម្នះរបស់គណបក្សនៅគ្រប់កាលៈទេសៈទាំងក្នុងដំណាក់កាលតស៊ូរំដោះជាតិ ក៏ដូចនៅក្នុងដំណាក់កាល នៃការកាន់អំណាចដឹកនាំប្រទេសរបស់គណបក្ស។ បើប្រជាជនមិនគាំទ្រ មិនចូលរួម មិនជឿលើការដឹកនាំរបស់គណបក្សនោះ គឺគ្មានភារកិច្ចណាដែលគណបក្សអាចសម្រេចបានឡើយ។ ដូច្នេះគ្រប់អង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ត្រូវតែផ្សារភ្ជាប់ជាមួយប្រជាជន ធ្វើបង្អែកឱ្យប្រជាជន ដើម្បីដោះស្រាយ នូវសំណូមពរ និងការលំបាកនានារបស់ប្រជាជនផង និងបំផុសប្រជាជន ចូលរួមអនុវត្តកម្មវិធីនយោបាយ របស់គណបក្សផង ៕
ដោយ៖វណ្ណលុក