សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាជនទាំងមូល លើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឱ្យអស់ពីកម្ពុជា
ភ្នំពេញ៖ ក្នុងមីទ្ទីងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាជនទាំងមូល លើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឱ្យអស់ពីកម្ពុជា ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បន្តជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងដាច់ខាតនូវរាល់សកម្មភាពណាដែលធ្វើឱ្យសាមគ្គីភាពត្រូវចុះខ្សោយ។ ការបែកបាក់ជាតិពីអតីតកាល បានផ្ដល់ឱ្យយើងនូវមេរៀនដ៏ឈឺចាប់បំផុត ដែលយើងត្រូវតែចងចាំជានិច្ច មិនត្រូវឱ្យស្ថានភាពដ៏អាក្រក់នេះ អាចកើតមានជាថ្មីបានឡើយ។ ម្យ៉ាងទៀត ក៏ត្រូវឃើញច្បាស់ អំពីចំណងទាក់ទងស្អិតរមួតរវាងសាមគ្គីភាពជាតិទាំងមូល និងសាមគ្គីភាពឯកភាពផ្ទៃក្នុងគណបក្ស ដែលក្នុងនោះ សាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សគឺជាស្នូល។ អាស្រ័យហេតុនេះ អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ មន្ត្រីសមាជិកគណបក្សគ្រប់រូប ត្រូវខិតខំថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យរឹងមាំជានិច្ច ផ្អែកលើមូលដ្ឋានកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយនានារបស់គណបក្ស។
សម្ដេចតេជោ ហ៊ុន សែន បន្តថា ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយ ដែលគណបក្សប្រជាជនកម្ពុជាបានធ្វើរួមជាមួយគណបក្សចំនួន ២៧ទៀត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ ព្រមទាំងពង្រឹងនូវទំនាក់ទំនងដ៏ល្អជាមួយបណ្ដាអង្គការនានានៃសង្គមស៊ីវិល និងមជ្ឈដ្ឋានជឿនលឿនទាំងអស់ក្នុងសង្គម តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម៕
ដោយ៖វណ្ណលុក