សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាល ឱ្យមានការទូងស្ករ បាញ់កាំជ្រួចនាថ្ងៃទី៥ ខែសីហា ដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្តនូវការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖ ក្នុងមីទ្ទីងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់រាជរដ្ឋាភិបាល ឱ្យមានការទូងស្ករ បាញ់កាំជ្រួច នៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្តនូវការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងស្មារតីសាមគ្គីភាពជាតិ សម្ដេចសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលបានគាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខភាពប្រជាជននាពេលកន្លងមក។
សម្ដេចតេជោ បានបន្តថា គម្រោងព្រែកជីក-ហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមកើតចេញពីមនសិការ និងឆន្ទៈរបស់ កម្ពុជាសុទ្ធសាធ ដែលនឹងផ្ដល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជា៖ ការចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យទេសចរណ៍ផងដែរ។ ជាមួយគ្នានេះ ព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯក-រាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះ នឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងរំហូរទឹកទន្លេមេគង្គឡើយ ។
សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាងសង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត បានប្រកាសយកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយនឹងផ្ដល់ផលប្រយោជន៍ដល់ខ្មែរតជំនាន់ ។
គម្រោងនេះ កម្ពុជា មិនបានខ្ចីលុយអ្នកណាមកកសាងទេ គឺជាគម្រោងកសាងដោយវិស័យឯកជនក្រោមរូបភាព (BOT) កសាង ប្រតិបត្តការ និងផ្ទេរ, មានន័យថា ពេលវិស័យឯកជនប្រតិបត្តិការ ហើយដល់ពេលវេលាណាមួយតាមកិច្ចព្រមព្រៀង នឹងផ្ទេរមកកាន់រដ្ឋវិញ ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏អំពាវនាវដល់ឈ្នួញទិញលក់ដី សូមកុំទៅទិញដីនៅតាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ ដែលនាំឱ្យរាជរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយ នៅពេលអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្រ្ត និងជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ហើយបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តស្នាដៃ និងជំរុញបន្ថែម ក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត។ គម្រោងព្រែកជីកហ្វូណនតេជោ បានតភ្ជាប់ផ្លូវទឹក រវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែង ១៨០គីឡូម៉ែត្រ ។
គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេស វិស័យដឹកជញ្ជូន ដូចជា៖ កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា ៕
ដោយ៖វណ្ណលុក