សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអគ្គនាយកពន្ធដា ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថលលើការងារបង់ពន្ធ
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិ សហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ២៧ មិថុនា ឆ្នាំ២០២៣ ដែលរៀបចំ ដោយសមាគមមូលនិធិសម្ដេចតេជោ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានជួបណែនាំដល់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដោយជំរុញឱ្យមានការប្រើប្រាស់ប្រព័ន្ធឌីជីថលលើការងារពន្ធដារឱ្យបានច្រើន ដើម្បីកាត់បន្ថយការិយាធិបតេយ្យ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ម្សិលមិញជួបជាមួយឯកឧត្តម គង់ វិបុល ឥលូវធ្វើម៉េច រុញប្រព័ន្ធអនឡាញឱ្យបានច្រើនរឿងពន្ធនេះ ដើម្បីធ្វើយ៉ាងណា កាត់ភាពស្មុគស្មាញនេះឱ្យបានច្រើន ហើយអគ្គនាយកដ្ឋានពន្ធដារ បានកែទម្រង់ ច្រើន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញនូវប្រព័ន្ធកម្មវិធី CamDX ដើម្បីបានចុះឈ្មោះនៅក្រសួងពាណិជ្ជកម្ម ក្រសួងសាធារណការ ក៏បានធ្វើច្រើន ផងដែរ នេះជាអ្វីដែលយើងត្រូវធ្វើដើម្បីកាត់បន្ថយការិយាធិបតេយ្យ ។
សម្ដេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាល បានធ្វើកំណែរទម្រង់ធំ ហើយការកែទម្រង់ គឺបានធ្វើច្រើនហើយ ប៉ុន្តែសម្រាប់ការកែទម្រង់ពេលខ្លះវាមិនខុស ពីវិស័យ ឯកជន នោះទេ ខណៈការកែទម្រង់ខ្លះគឺបានធ្វើនៅពេលដែលលំបាក ពេលស្រួល មិនធ្វើ នោះទេ ដោយសារពេលស្រួល គឺមិនសូវ ចាប់អារម្មណ៍រឿងតិចតួចនោះទេ ហើយការ កំណែទម្រង់មុតស្រួចខ្លះ ទាល់តែពេលលំបាកបានមានពេលអង្គុយធ្វើបាន ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា មានមតិលើកឡើងថា កែរធ្វើអ្វី បើសិនមិន ខុស បើមិនខូចកែរអី ដើម្បីប្រសិទ្ធភាពអីទៀត តែប៉ុណ្ណឹងបានហើយ។ ដូចនេះរាជ រដ្ឋាភិបាល គឺយកឱកាសនេះ ដើម្បីកែ ហើយជាពេលដែលយើង អាចវាយតម្លៃ ជា មួយគ្នា និងរៀបចំធ្វើការកែរទម្រង់ជាមួយគ្នាបាន ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ