សម្ដេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់រដ្ឋធម្មនុញ្ញកម្ពុជា ដោយបន្តជំរុញការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដោយប្រកាន់ខ្ជាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គណបក្សប្រជាជនកម្ពុជា បន្តជំរុញការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ លើមូលដ្ឋានគោរពគោលការណ៍នានានៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា និងបង្កើនការចូលរួមក្នុងកិច្ចការអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពរបស់តំបន់ និងពិភពលោក ។
ក្នុងមីទ្ទីងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ក្នុងនាមប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបណ្តា ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានផ្ដល់ការជួយឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា និងកំពុងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដើម្បីការអភិវឌ្ឍនៅកម្ពុជា ។
ព្រមជាមួយនោះ ក្នុងស្ថានភាពបច្ចុប្បន្ន ដែលសភាពការណ៍ពិភពលោកកំពុងមានការវិវត្តយ៉ាងស្មុគស្មាញ និងប្រកបដោយការគំរាមកំហែងដ៏គ្រោះថ្នាក់នោះ សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា សូមអំពាវនាវដល់បណ្ដារដ្ឋ ជាពិសេស បណ្ដាប្រទេសមហាអំណាច សូមស្ដារឡើងវិញនូវកិច្ចសហប្រតិបត្តិការ និងរិះរកដំណោះស្រាយចំពោះបញ្ហាក្ដៅៗទាំងឡាយតាមរយៈការចរចា ដើម្បីសន្តិភាព សន្តិសុខ និងការស្ថិតស្ថេររីកចម្រើនរបស់មនុស្សជាតិទាំងមូល។ ការដាក់ទណ្ឌកម្ម អំពើហិង្សា និងសង្គ្រាម ពុំមែនជាដំណោះស្រាយល្អនោះឡើយ វាគ្រាន់តែបានបង្កើនថែមទៀតនូវហានិភ័យសម្រាប់មនុស្សជាតិប៉ុណ្ណោះ ៕
ដោយ៖វណ្ណលុក