សម្តេចតេជោ ហ៊ុន សែន៖ មិនអនុញ្ញាតដាច់ខាតឱ្យពួកអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូចមកបំផ្លាញសន្តិភាពបានឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា “យើងមិនអនុញ្ញាតដាច់ខាតឱ្យពួកអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូចមកបំផ្លាញសន្តិភាពបានឡើយ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ប្រជាជនទាំងមូលលើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឱ្យអស់ពីកម្ពុជា”។ ការបញ្ជាក់របស់សម្តេចតេជោ ក្នុងមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។ ពិធីនេះប្រារព្ធធ្វើឡើងនៅវិមាន ៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ទៀតថា សន្តិភាពពេញលេញដែលយើងបង្កើតបានរយៈពេលជាង២៥ឆ្នាំមកនេះ គឺបានមកដោយលំបាកជាទីបំផុត។ យើងត្រូវឆ្លងកាត់ការតស៊ូ ការលះបង់ ការព្យាយាម អត់ធ្មត់ និងទប់ទល់នឹងកត្តាអវិជ្ជមានច្រើនណាស់ទើបសម្រេចបាន។ ហេតុនេះ យើងត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាការពារសន្តិភាពឱ្យឋិតថេរគង់វង្សរឹងមាំជានិច្ច។ មានសន្តិភាពទើបមានការអភិវឌ្ឍប្រកបដោយចីរភាព ផ្ទុយមកវិញ មានការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ទើបធានាការពារបាននូវសន្តិភាព។

សម្តេចតេជោបានបន្តថា ម្យ៉ាងទៀតដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ ចាំបាច់ត្រូវបន្តជំរុញការកែទម្រង់ជាប់ជានិច្ច ព្រោះថាការកែទម្រង់ជាកម្លាំងចលករនៃអភិវឌ្ឍន៍ បើគ្មានការកែទម្រង់ ឬការកែទម្រង់គ្មានប្រសិទ្ធភាពនោះ ការអភិវឌ្ឍនឹងខ្វះកម្លាំងជំរុញហើយ។ សម្តេចតេជោបានបញញជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជាបន្តជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងដាច់ខាតនូវរាល់សកម្មភាពណាដែលធ្វើឱ្យសាមគ្គីភាពត្រូវចុះខ្សោយ។ ការបែកបាក់ជាតិពីអតីតកាលបានផ្ដល់ឱ្យយើងនូវមេរៀនដ៏ឈឺចាប់បំផុត ដែលយើងត្រូវតែចងចាំជានិច្ច មិនត្រូវឱ្យស្ថានភាពដ៏អាក្រក់នេះអាចកើតមានជាថ្មីបានឡើយ។ ម្យ៉ាងទៀត ក៏ត្រូវឃើញច្បាស់អំពីចំណងទាក់ទងស្អិតរមួតរវាងសាមគ្គីភាពជាតិទាំងមូល និងសាមគ្គីភាពឯកភាពផ្ទៃក្នុងគណបក្ស ដែលក្នុងនោះសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស គឺជាស្នូល។ អាស្រ័យហេតុនេះ អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ មន្ត្រីសមាជិកគណបក្សគ្រប់រូប ត្រូវខិតខំថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យរឹងមាំជានិច្ច ផ្អែកលើមូលដ្ឋានកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយនានារបស់គណបក្ស។

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយ ដែលគណបក្សប្រជាជនកម្ពុជាបានធ្វើរួមជាមួយគណបក្សចំនួន២៧ទៀត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ ព្រមទាំងពង្រឹងនូវទំនាក់ទំនងដ៏ល្អជាមួយបណ្ដាអង្គការនានានៃសង្គមស៊ីវិល និងមជ្ឈដ្ឋានជឿនលឿនទាំងអស់ក្នុងសង្គម តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន

ads banner