សម្តេចតេជោ៖ គម្រោងព្រែកជីក-ហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្ដល់ផលចំណេញយ៉ាងធំដល់កម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គម្រោងព្រែកជីក-ហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមកើតចេញពីមនសិការ និងឆន្ទៈរបស់ កម្ពុជាសុទ្ធសាធ ដែលនឹងផ្ដល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យទេសចរណ៍ផងដែរ។ ការបញ្ជាករបស់សម្តេចតេជោ ក្នុងមិទ្ទីងអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។ ពិធីនេះប្រារព្ធធ្វើឡើងនៅវិមាន ៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចតេជោបានមានប្រសាសន៍បន្តថា ព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯក-រាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះ នឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងរំហូរទឹកទន្លេមេគង្គឡើយ។ ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលបានគាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខភាពប្រជាជននាពេលកន្លងមក៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន

ads banner