កាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បើកយុទ្ធនាការដាំដើមឈើ “រួមគ្នាពង្រឹង និងពង្រីកបរិស្ថានបៃតង ”

(ពោធិ៍សាត់)៖ ប្រភេទឈើប្រណិត ជាច្រើនដើម ត្រូវបានដាំដើម្បីលម្អសោភណ្ឌភាពបៃតង និងផ្តល់ម្លប់ដល់សិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សា និងវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ដែលជាសាលាទើបនឹងបង្កើតថ្មី និងដើម្បីចូលរួមចំណែក ទប់ស្កាត់គ្រោះធម្មជាតិផ្សេងៗ ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងបាតុភូតធម្មជាតិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់ ក្នុងពិធីបើកយុទ្ធនាដាំដើមឈើចំនួន ២០០ដើម ក្រោមមូលបទស្តីពី “រួមគ្នាពង្រឹង និងពង្រីកបរិស្ថានបៃតង ” នៅក្នុងបរិវេណ សាលាបឋមសិក្សា និងវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា បានថ្លែងអំពីការខិតខំរបស់ កាកបាទក្រហមកម្ពុជា បានកៀរគថវិកាសម្រាប់សាងសង់ផ្ទះដូចៗគ្នាចំនួន ៦២៨ខ្នងផ្ទះ ដែលជាថវិកាសប្បុរសជន នៅដីសប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់លំនៅដ្ឋានសមរម្យមួយជូនអតីយុទ្ធជនដែលមានពិការភាព ។

លោកជំទាវ ក៏សូមថ្លែងអំណរគុណ ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ប្រធានមន្ទីរកសិកម្ម លោកគ្រូអ្នកគ្រូ អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងក្មួយៗយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមដាំដើមឈើដ៏មានអត្ថន័យ ដើម្បីបង្ហាញអំពីក្តីស្រឡាញ់ ឆន្ទះ និងស្មារតីរួមគ្នាថែរក្សាបរិស្ថានព្រៃឈើឱ្យបានគង់វង្ស ដែលមានអត្ថន័យស្របនឹងថ្នាក់ជាតិឆ្នាំនេះ “ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចិរភាព”៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner