រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការផ្តល់​កម្ចី​ដែលមានអត្រាការប្រាក់ទាប ដើម្បីចូលរួមជំរុញសហគមន៍កសិកម្មទំនើប

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jacques PELLET អគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយម ដែលប្រទេសបារាំងចង់សហការរៀបចំវេទិកាជំនួញលើកទី៣ របស់អង្គការសហប្រជាជាតិ (UNOC3) នៅកម្ពុជា ដែលអាចនឹងមានការចូលរួមច្រើនពីបណ្តាប្រទេសនានា ផ្អែកលើបទពិសោធន៍កម្ពុជាលើការរៀបចំវេទិកាអន្តរជាតិកន្លងមក ជាពិសេសសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង និងសមិទ្ធផលជាច្រើនដែលសម្រេចបានជាមួយគ្នា។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា វេទិកានេះ ជាឱកាសដែលកម្ពុជាអាចពន្យល់អំពីគោលនយោបាយអាទិភាពវិស័យកសិកម្មរបស់ខ្លួន ដោយផ្តោតលើការធានាឱ្យបាននូវសន្តិសុខស្បៀង ធ្វើឱ្យមាននិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ការជំរុញការប្រើប្រាស់វត្ថុធាតុដើមសម្រាប់ឧស្សាហកម្ម ការបង្កើតឱ្យមានតម្លៃបន្ថែមខ្ពស់សម្រាប់ផលិតផលកសិកម្ម និងមានការងារធ្វើពេញមួយឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែម អំពីគោលនយោបាយអាទិភាព ដែលបាននិងកំពុងជំរុញសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពក្នុងការផលិតក្នុងទ្រង់ទ្រាយធំ ទុនផលិតទាប មានស្ថិរភាពតម្លៃ ផ្តល់ផលចំណេញដល់កសិកម្ម ដោយស្មើភាព។ ទាក់ទងនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី ស្វាគមន៍វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីចូលរួមជំរុញសហគមន៍កសិកម្មទំនើបថ្មីនេះ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី និរន្តរភាពសហគមន៍កសិកម្ម គឺយើងជាអ្នកបង្កើតវាឡើង ដោយមានការគាំទ្រពីក្រសួង និងដៃគូអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់បញ្ជាក់ថា ជាគោលដៅគឺធ្វើការជំរុញកសិ-ពាណិជ្ជកម្ម និងធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner