ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ឧបត្ថម្ភថវិកាបន្ថែមបីពាន់ដុល្លារ ជួយកសាងស្ពានព្រៃក្រាំងបន្ត
កំពង់ឆ្នាំង៖ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពាន ព្រៃក្រាំងស្ថិត ក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី បានកោតសសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរភូមិ ឃុំ ស្រុក ដែលបានខិតខំកៀងគរសប្បុរសជនមកកសាងស្ពានមួយកន្លែងនេះរហូតសម្រេច៩៥ភាគរយ។ ថ្ងៃនេះដែរឯកឧត្តមបានឧបត្ថម្ភថវិកាបន្ថែមចំនួនបីពាន់ដុល្លារ ហើយនៅខ្វះខាតប៉ុន្មានឯកឧត្តមនឹង ប្រគល់បំពេញបន្ថែមសម្រាប់ការកសាងស្ពាននេះឱ្យរួចរាល់នៅពេលខាងមុខនេះ។
លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានជួយឧបត្ថម្ភទឹកប្រាក់ជាបន្តបន្ទាប់។លោកក៏ថ្លែងអំណរគុណដល់ឯកឧត្តម សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាសព្រមទាំងសប្បុរសជននានាដែលបានឧបត្ថម្ភក្នុងរយៈការកន្លងមក។
ស្ពានព្រៃក្រាំង មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងឃុំជ្រៃបាក់ ឃុំរលាប្អៀរ ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុករលាប្អៀរ ក៏ដូចជាប្រជាពលរដ្ឋនៅឃុំ ស្រុកដទៃ ដោយជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផលផ្សេងៗ។ ស្ពាននេះបានបាក់ដាច់រយៈពេលពីរឆ្នាំមកហើយដោយសារទឹកជំនន់៕
ដោយ៖សុខ គឹមសៀន