ប្រតិបត្តិការសាកល្បងតាមផ្លូវគោកនៃប្រទេសមហាអនុតំបន់មេគង្គ គុនមិញ មកកម្ពុជា
បន្ទាយមានជ័យ៖ក្បួនរថយន្តដឹកជញ្ជូនទំនិញនិងរថយន្តដឹកអ្នកដំណើរនៃប្រតិភូប្រទេសមហាអនុតំបន់មេគង្គ(GMS: Greater Mekong Subregion))ដែលចេញដំណើរពីទីក្រុងគុនមិញនៃខេត្តយូណាន ប្រទេសចិនដោយឆ្លងកាត់ប្រទេសឡាវ ប្រទេសថៃ រួចឆ្លងចូលមកកម្ពុជាតាមច្រកទ្វារព្រំដែន អន្តរជាតិ ស្ទឹងបត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយជោគជ័យកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។
គណៈប្រតិភូមានចំនួន៥២នាក់ ដែលភាគច្រើនជនជាតិចិន និង ឡាវ ភូមា ថៃ កម្ពុជា វៀតណាម ព្រមទាំងបុគ្គលិកអន្តរជាតិនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានធ្វើដំណើរតាមរថយន្តជាច្រើនគ្រឿង។
កម្មវិធីនេះមានឈ្មោះថា :”ប្រតិបត្តិការសាកល្បងពីទីក្រុងគុនមិញមករាជធានីភ្នំពេញនៃកិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គដំណាក់កាលប្រមូលផលដំបូង ” ។ជាកម្មវិធីដែលរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី។
នៅច្រកស្ទឹងបត់ គណៈប្រតិភូនេះត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ និងកក់ក្តៅដោយលោក ង៉ោ ម៉េង ជ្រួន អភិបាលរង ខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកវរសេនីយ៍ ឆោម ភ័ព នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិស្ទឹងបត់និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ក្បួននេះបានបន្តដំណើរតាមផ្លូវជាតិលេខ៥ នៅល្ងាចថ្ងៃដដែលឆ្ពោះមកកាន់រាជធានីភ្នំពេញ៕
ដោយ៖ឃិន គន្ធា