អនុស្សរណៈនៃការយោគយល់គ្នារវាងសហគ្រិនខ្មែរ សមាគមអ្នកផលិតចំណីអាហារកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តកោះកុង និង អង្គការ iDE Cambodia ក្នុងការអនុវត្តកិច្ចការងារទាក់ទងនឹងគម្រោង “ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព”

ភ្នំពេញ៖ សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនឲ្យរស់រវើកនៅកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសមាគមអ្នកផលិតអាហារកម្ពុជា (CFMA) សមាគមសហគ្រិនស្ដ្រីកម្ពុជាខេត្តកោះកុង (CWEA) និងអង្គការ iDE Cambodia។ កិច្ចសហការនេះ បង្ហាញ ពីការចាប់ផ្តើមនៃគម្រោង “ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព” ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែលម្អជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតំបន់ឆ្នេរ។

គម្រោង “ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព” ត្រូវបានរៀបចំឡើងដើម្បីបង្កើនភាពធន់នឹង អាកាសធាតុ និងនិរន្តរភាពនៃធនធានជលផលសមុទ្រនៅតំបន់ឆ្នេរក្នុងប្រទេសកម្ពុជា។ គម្រោងនេះ ផ្តោតលើខេត្តជាប់មាត់សមុទ្រចំនួនបួននៃប្រទេសកម្ពុជាគឺ ខេត្តកំពតខេត្តកែប ខេត្តកោះកុង និង ខេត្តព្រះសីហនុ ក្នុងគោលបំណងកែប្រែការធ្លាក់ចុះយ៉ាងគំហុកនៃធនធានជលផលសមុទ្រដែលនេសាទបាន ជំរុញការធ្វើ វារីវប្បកម្មសមុទ្រប្រកបដោយនិរន្តរភាព និង ធ្វើឲ្យប្រសើរឡើង នូវផែសហគមន៍ ឬទីតាំងសម្រាប់ ប្រមូលជលផលសមុទ្រ ដើម្បីកែលម្អគុណភាព និងសុវត្ថិភាពផលិតផលសមុទ្រ។ គម្រោងនេះ រំពឹងថា ប្រមាណ៤០% នៃការនេសាទនៅតំបន់ឆ្នេរសមុទ្រនឹងត្រូវបានកែលម្អឲ្យបានប្រសើរឡើងវិញ ប្រែក្លាយទៅជាការ នេសាទ ដែលមានផលិតភាព និងនិរន្តរភាពជាងមុន រួមចំណែកយ៉ាងសំខាន់ ដល់ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។

លើសពីនេះ គម្រោងនឹងជំរុញការអភិវឌ្ឍវិស័យឯកជន ដោយផ្តល់លើកកម្ពស់សហគមន៍ និង អាជីវកម្ម ខ្នាត តូច នៅតំបន់ឆ្នេរ ដើម្បីធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគេទទួលយកការអនុវត្តប្រកបដោយ និរន្តរភាព និងវិវត្តទៅជាសហគ្រាស។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍នេសាទ (CFis) ចំនួន ២៥ និងសហគមន៍តំបន់ការពារធម្មជាតិ (CPAs) ចំនួន ១៥ ដែលជួយដល់គ្រួសារប្រជានេសាទប្រមាណ ២០.០០០គ្រួសារ និងសមាជិកសហគមន៍ផ្ទាល់ប្រមាណ ២០០.០០០នាក់។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា“ក្នុងរយៈពេលប្រាំឆ្នាំនៃប្រតិបត្តិការ សហគ្រិនខ្មែរបានវិវត្តទៅជាថ្នាលជាតិ ក្នុងការជំរុញសហគ្រិនភាពនៅទូទាំងប្រទេសកម្ពុជា។ សហគ្រិនខ្មែរបាន និង កំពុង សហការ យ៉ាង សកម្ម ជា មួយ ដៃ គូរ អភិវឌ្ឍនៅក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីគាំទ្រសហគ្រិនរបស់យើងនៅគ្រប់កម្រិត រួម ទាំង សហគ្រិន នៅ ក្នុង សហគមន៍ផងដែរ។  សហគ្រិនខ្មែរមានសេចក្តីរំភើបរីករាយក្នុងការចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីនេះ ក្រោម កិច្ច សហការជាមួយស្ថាប័នដៃគូ និងសង្ឃឹមថាគម្រោងនេះនឹងជំរុញការបង្កើតសកម្មភាពអាជីវកម្ម និង សហគ្រាស ឲ្យកាន់តែច្រើននៅក្នុងសហគមន៍នេសាទ(CFis) និងសហគមន៍តំបន់ការពារធម្មជាតិ (CPAs)។

ចំពោះគម្រោងនេះ សហគ្រិនខ្មែរនឹងផ្តោតលើការជួយដល់កំណើននៃធុរកិច្ចថ្មី សហគ្រាសធុនតូចនិងមធ្យម (SMEs) សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់ឆ្នេរនៃប្រទេសកម្ពុជា។ កិច្ចការងារ នេះនឹងសម្រេចបានតាមរយៈកម្មវិធីស្នូលចំនួនបួនរួមមានការលើកកម្ពស់វប្បធម៌សហគ្រិន ការអភិវឌ្ឍសមត្ថភាពសហគ្រិន ការកសាងបណ្តាញធុរកិច្ច ព្រមទាំង ការ ចូលក្នុងទីផ្សារ និងការទទួល បាន មូលនិធិ។ ការគាំទ្រនឹងត្រូវធ្វើឡើងក្រោមទម្រង់ផ្សេងៗរួមទាំងសកម្មភាពផ្សព្វផ្សាយ សិក្ខាសាលា ស្តី ពី និរន្តរភាពធនធានជលផល ការបណ្ដុះបណ្ដាលផ្នែកអាជីវកម្ម ការអភិវឌ្ឍអាជីវកម្មសហគមន៍ ការផ្សារភ្ជាប់ទីផ្សារ ការបណ្តុះបណ្តាលអំពីសុវត្ថិភាពចំណីអាហារ មូលនិធិសម្រាប់ការចាប់ផ្ដើមអាជីវកម្ម និងការស្តារហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងសហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ។

ឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាបានមានប្រសាសន៍ថា “សមាគមមាន សេចក្តីរំភើបរីករាយក្នុងការសហការជាមួយសហគ្រិនខ្មែរ និងចូលរួមជាមួយគម្រោង “ជលផលសមុទ្រ និង តំបន់ឆ្នេរប្រកបដោយចីរភាព”។ កិច្ចសហការ នេះ មាន គោល បំណង ជំរុញ ការរីក ចម្រើន របស់ សហគមន៍ នេសាទ (CFis) និងសហគមន៍តំបន់ការពារធម្មជាតិ (CPAs)។ សមាគមប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ ការកែច្នៃចំណី អាហារគ្មានកាកសំណល់ (zero-waste) ការរួមបញ្ចូលបច្ចេកទេសតម្លៃបន្ថែម និងការពង្រឹងវិធាន ការ ធានា គុណភាពដើម្បីសម្រេចបានស្ដង់ដារនៃនិរន្តរភាព។”

លោកជំទាវ ថុង ណាត់ស្យា ប្រធានសមាគមសហគ្រិនស្រី្តកម្ពុជាសាខាខេត្តកោះកុង បានមានប្រសាសន៍ថា សមាគមមានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួមជាដៃគូសហការជាមួយ សហគ្រិនខ្មែរ ក្នុងការ ជួយ ជំរុញដល់ការអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់អាជីវកម្មជាស្រ្តីនៅក្នុង ខេត្តកោះកុង។ សមាគមសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូនេះនឹងអាចជួយពង្រឹងលើស្តង់ដាក្នុង សង្វាក់ ផលិតកម្ម សិប្បកម្មនានា ជាពិសេស វិស័យម្ហូបអាហារ។ ក្នុងនោះដែរ សមាគមយើងក៏មានផែនការ ចូល រួម ពង្រឹងទៅលើវិស័យទេសចរណ៍ក្នុងខេត្ត ឲ្យកាន់តែមានសក្តានុពល ស្របជាមួយនឹងគោលការណ៍របស់ សហគ្រិនខ្មែរ ដែលផ្តល់អាទិភាពដល់ដៃគូដែលមានទីតាំងនៅជាប់តំបន់ឆ្នេរសមុទ្រ។

នាយកប្រចាំប្រទេសអង្គការ iDE Cambodia លោក Kevin Robbins បានលើកឡើងដោយមោទនភាពថា “ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសហគ្រិនខ្មែរ គឺជាព្រឹត្តិការណ៍ ដ៏ សំខាន់ មួយ សម្រាប់ អង្គការ iDE។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រួសត្រាយផ្លូវ សម្រាប់ កិច្ច សហ ប្រតិបត្តិការ ដ៏គួរឲ្យរំភើបរវាងអង្គភាពទាំងពីរជាមួយនឹងបេសកកម្ម និងចក្ខុវិស័យរួម ឆ្ពោះ ទៅ កាន់ ការ គាំទ្រ ដល់ សហគ្រិនក្នុងស្រុក និងប្រព័ន្ធអេកូឡូស៊ីសហគ្រិន។ ជាពិសេស នេះគឺជាឱកាសដ៏ល្អមួយសម្រាប់កម្មវិធី SHE របស់យើង ដែលជាកម្មវិធីមួយផ្តោត លើ ការ ផ្តល់ ការ គាំទ្រ ដល់ សហគ្រិន ប្រកប ដោយ ភាព វៃឆ្លាត ផ្នែក យេនឌ័រតាមរយៈការបណ្តុះបណ្តាលអាជីវកម្ម និងការពន្លឿនអាជីវកម្ម និងគំនិតផ្តួចផ្តើមផ្សេងៗទៀត ក្នុងការសហការជាមួយសហគ្រិនខ្មែរ សំដៅគាំទ្រដល់សហគមន៍តំបន់ឆ្នេរនៃប្រទេសកម្ពុជា។ យើងពិតជាកោតសរសើរចំពោះឱកាសសហការជាមួយ សហគ្រិនខ្មែរ ហើយ យើង នឹង ធ្វើការ រួម គ្នា ដើម្បី លើក កម្ពស់ ការអភិវឌ្ឍ ប្រកបដោយបរិយាបន្ន និងធន់នៅក្នុងតំបន់ឆ្នេរនៃប្រទេសកម្ពុជា តាម រយៈ ការ ពង្រឹង សហគ្រិនភាព នៅក្នុងសហគមន៍ទាំងនោះ៕” អត្ថបទ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner