បើសង់ត្រាល់មិនកែសម្រួលរបាយការណ៍ និងមិនបង្ហាញភស្តុងតាង៖ មេដឹកនាំសម្ព័ន្ធសហជីពជាតិព្រមានចាត់វិធានការតាមផ្លូវច្បាប់

ភ្នំពេញ៖ សម្ព័ន្ធសហជីពជាតិ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់លើមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់សង់ត្រាល់ និងបុគ្គលឈ្មោះ ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារសង់ត្រាល់ បើសិនជាមិនធ្វើការកែតម្រូវរបាយការណ៍របស់ខ្លួន និងមិនបង្ហាញភស្តុតាងក្នុងការចោទប្រកាន់លាបពណ៌មកលើសហជីព។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ថា បើសិនជាមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (ហៅថា សង់ត្រាល់) គ្មានភស្តុតាងបង្ហាញច្បាស់លាស់ក្នុងការចោទប្រកាន់មកលើសហជីពនោះទេ គឺខាងសម្ព័ន្ធសហជីពជាតិ នឹងមានវិធាការផ្លូវច្បាប់លើបុគ្គលឈ្មោះ ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារសង់ត្រាល់តែម្តង ពីព្រោះមិនអាចទុកឱ្យសង់ត្រាល់ធ្វើរបាយការណ៍ស្រមោលបែបនេះបានតទៅទៀតទេ។ ការបញ្ជាក់នេះ នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

លោក ហ្វា សាលី បានបញ្ជាក់យ៉ាងដូច្នេះថា “ក្នុងនាមខ្ញុំជាស្ថាប័នឯករាជ្យមួយ គឺខ្ញុំទទូចហើយទទូចទៀតឱ្យគាត់ (សង់ត្រាល់) កែតម្រូវទៅលើរបាយការណ៍របស់គាត់ ហើយចំពោះបុគ្គលដែលតែងតែប្រមាថមើលងាយថា សហជីពក្លែងក្លាយ សហជីពរណបរដ្ឋាភិបាល សហជីពខ្មៅ សហជីពលឿងអីនោះ គឺខ្ញុំនឹងពិនិត្យមើលឡើងវិញថា គួរតែចាត់វិធានការប្តឹងបុគ្គលនោះ ឬយ៉ាងម៉េច? ហើយយើងទុកឱកាសឱ្យសង់ត្រាល់ធ្វើការកែប្រែ តែបើសិនមិនមានការកែប្រែយើងនឹងពិនិត្យបន្ថែមទៀត។ យើងព្យាយាមមើលទៅលើកំហុសអចេតនា ឬក៏ឱ្យគាត់បង្ហាញភស្តុតាង។

បើសិនជាមកដល់ពេលនេះ គាត់គ្មានភស្តុតាងបង្ហាញជូនខាងយើង ក៏ដូចជាសហជីព គឺយើងអាចនឹងមានវិធានការផ្លូវច្បាប់ប្តឹងគាត់តែម្តង ពីព្រោះយើងមិនអាចទុកឱ្យស្ថាប័ននឹងមួយធ្វើរបាយការណ៍បែបស្រមោល ដូចគាត់បានលើកនៅក្នុងវិទ្យុអាស៊ីសេរីយប់មិញ (យប់ថ្ងៃទី២៧ មិថុនា) គាត់ថាវាជារបាយការណ៍ស្រមោល។ អង្គការមួយទាំងមូលទៅធ្វើរបាយការណ៍ស្រមោលឱ្យបរទេសមើលមកកម្ពុជាខ្មៅងងឹត សេរីភាព ត្រូវបានបិទបាំង ត្រូវបានរំលោភ គឺយើងទទួលយកអត់បានទេ។ វាធ្វើប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ ធ្វើឱ្យបងប្អូនកម្មករ និយោជិត បាត់បង់ការងារធ្វើ”។ លោក ហ្វា សាលី បានបញ្ជាក់ទៀតថា នឹងពិនិត្យមើលទៅលើបុគ្គលដែលប្រើពាក្យសហជីពក្លែងក្លាយ ពីព្រោះពួកយើងមានការចុះបញ្ជីត្រឹមត្រូវនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
ដោយ៖ពលជ័យ

ads banner