អ្នកស្រុកកំចាយមារ សម្លាប់សត្វចម្លែកបានជាលើកដំបូង (Video Inside)

សត្វចម្លែកដែលតែងខាំ និងហែកសត្វឆ្កែស៊ីគ្រឿង ក្នុងត្រូវបានព័ទ្ធចាប់សម្លាប់បានមួយក្បាលជាលើកដំបូង នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។

កម្លាំងសមត្ថកិច្ចប៉ុស្តិរដ្ឋបាលឃុំស្មោងខាងត្បូង នៃស្រុកកំចាយមារ បានហៅសត្វចម្លែក ដែលគេបានសម្លាប់កាលពីយប់រំលងអាធ្រាត្រម៉ោង១២និង៣៥នាទីឈានចូលថ្ងៃទី២៨មិថុនាថា ជាសត្វកញ្ជ្រោង។

នៅក្នុងស្រុកកំចាយមារនោះ មានឆ្កែមួយចំនួនហើយត្រូវគេជឿថា បានស្លាប់ដោយសារតែសត្វកញ្ជ្រោង។ ការតាមប្រមាញ់សត្វកញ្ជ្រោងនេះ បានធ្វើឡើងជាច្រើនថ្ងៃមកហើយ ដោយអ្នកខ្លះនិយាយសង្ស័យថា ជាសត្វខ្លា ដែលបណ្តាលឱ្យអ្នកភូមិកាន់តែភ័យខ្លាច។

សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្មោងខាងត្បូង បានថ្លែងថា នាវេលាយប់ថ្ងៃទី២៧មិថុនា គ្រាដែលពលរដ្ឋ និងសមត្ថកិច្ច បាននាំគ្នាចេញល្បាតរកសត្វចម្លែកនោះ ស្រាប់តែមានការស្រែកប្រកូកប្រកាសរបស់អ្នកស្រុកក្នុងភូមិអូរកន្ទុយ នៃឃុំស្មោញខាងត្បូង ដែលប្រទះឃើញសត្វចម្លែកនេះ បានលោតចូលក្នុងរបងផ្ទះប្រជាពលរដ្ឋ ដែលគេជឿថា វាបម្រុងចាប់ហែកសត្វឆ្កែអ្នកស្រុកស៊ីទៀត។

ប៉ុន្តែនៅពេលដែលម្ចាស់ផ្ទះបានឃើញទាន់ និងបានស្រែកប្រកូកប្រកាសនោះ សត្វនេះបានផ្អើលលោតចេញមកក្រៅរបងវិញ ស្របពេលនោះ កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ដែលនៅក្បែរនោះ បានឃើញ និងនាំគ្នាចោមព័ទ្ធស្ទាក់វាយសម្លាប់ចោល។

ក្រោយការសម្លាប់រួច ទើបអ្នកភូមិបានដឹងសត្វចម្លែកដែលគេបានបារម្ភអំពីសុវត្ថិភាពនោះ គឺមិនមែនជាសត្វខ្លាទេ ប៉ុន្តែវាជាសត្វកញ្ជ្រោង ដែលជាសត្វខ្លាចមនុស្ស។

ទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចបានថ្លែងថា សត្វចម្លែកដែលយាយីសត្វឆ្កែស្រុកនោះ ត្រូវគេជឿថា មិនមែនមានតែមួយក្បាលនេះទេ។

ads banner