កម្ពុជា-ជប៉ុន ពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល ការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ និងបទពិសោធផ្នែកសន្តិសុខឌីជីថល
(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានទទួលសម្តែងការ គួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសជប៉ុន ដឹកនាំដោយ ឯកឧត្តម TSUGE Yoshifumi អនុរដ្ឋមន្ត្រីក្រសួងការបរទេស ជប៉ុន និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ក្នុងគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល ការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ និងបទពិសោធផ្នែកសន្តិសុខឌីជីថល រវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូ មកទស្សនកិច្ច នៅប្រៃសណីយ៍កម្ពុជា ដើម្បីស្វែងយល់អំពីការវិវត្តន៍របស់ប្រៃសណីយ៍កម្ពុជាបន្ទាប់បានកែទម្រង់ឈានទៅរកភាពកាន់តែប្រសើរឡើងទាំងបរិយាកាសនៃការបំពេញការងាររបស់និយោជិត និងការផ្តល់សេវាប្រៃសណីយ៍រហ័សជូនអតិថិជនប្រកបដោយភាពជឿជាក់ ទុកចិត្ត និងសុវត្ថិភាពខ្ពស់៕
ដោយ ៖ ង៉ាន់ ទិត្យ