ឆ្មាល្បីឈ្មោះនៅអង់គ្លេស ត្រៀមទទួលនាយករដ្ឋមន្ត្រីថ្មី
អង់គ្លេសនឹងបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ប៉ុន្តែ អ្នកតាមដានសង្គមបែរជាមិនសូវយកចិត្តទុកដាក់លើបេក្ខភាពនាយករដ្ឋមន្ត្រីអង់គ្លេស តែបែរជាមកចាប់អារម្មណ៍សត្វឆ្មា Larry ដែលរស់នៅក្នុងការិយាល័យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ទៅវិញ។
អ្នកលេងបណ្តាញសង្គមថា និយាយចំអន់គ្នាលេងថា ពួកគេនឹងបោះឆ្នោតគាំទ្រឆ្មា Larry ឲ្យបន្តតំណែងជាអ្នកចាប់កណ្តុរដ៏អង់អាច។ ពួកគេលើកឡើងថា ខណៈដែលអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីញឹកញាប់ អ្នកគ្រប់គ្រងពិតប្រាកដរបស់អង់គ្លេស ដែលមិនចេះប្រែប្រួល គឺ ឆ្មា Larry ឯណោះវិញទេ។ ឆ្មានេះត្រូវគេ ផ្តល់រហ័សនាមថា Britain’s True Ruler ។ អ្នកខ្លះទៀត យល់ថា ឆ្មា Larry ជានិម្មិតសញ្ញានៃស្ថិរភាពនយោបាយរបស់អង់គ្លេស។
១៣ឆ្នាំកន្លងទៅនេះ ឆ្មា Larry បាននៅជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស ចំនួន៥រូប រួចមកហើយ ដែលសុទ្ធតែជាអ្នកមកពីគណបក្សអភិរក្ស ប៉ុន្តែ ការស្ទង់មតិ បង្ហាញថា Larry នឹងទទួលនាយករដ្ឋមន្ត្រី ទី៦ មកពីគណបក្សការងារ ជាលើកដំបូង។
ឆ្មា Larry បានកាន់កាប់តំណែងជាប្រធានក្រុមកំចាត់កណ្តុរប្រចាំការិយាល័យនាយករដ្ឋមន្ត្រី តាំងពីឆ្នាំ 2011 មកម្ល៉េះ។ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ជាអ្នកយកឆ្មានេះមក ដើម្បីឲ្យវាចាប់កណ្តុរ។ តាំងពីពេលនោះមក ឆ្មានេះទទួលបានការស្រលាញ់យកចិត្តទុកដាក់ និងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមមហាជននៅអង់គ្លេស។ ក្រៅពីការចាប់កណ្តុរ ឆ្មានេះ ក៏ចេញស្វាគមន៍ភ្ញៀវរបស់នាយករដ្ឋមន្ត្រី បង្ហាញមុខក្នុងបេសសកម្មត្រួតពិនិត្យសន្តិសុខ និងក្នុងសន្និសិទសារព័ត៌មានទៀត។
លោកស្រី Akshata Murty ភរិយារបស់ លោកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Rishi Sunak បាននិយាយថា បើទោះបីជាស្វាមីរបស់លោកស្រីត្រូវចាកចេញពីតំណែង ប៉ុន្តែ ឆ្មា Larry តែងតែឈ្នះ និងបន្តកាន់កាប់តំណែងជាស្តេចចាប់កណ្តុរ។
ប្រែសម្រួល៖ សារ៉ាត