ទូកនាគកម្ពុជា ចូលរួមលើ ៣វិញ្ញាសា ក្នុងព្រឹត្តិការណ៍ប្រកួតទូកនាគអន្តរជាតិនៅប្រទេសរុស្ស៊ី

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិទូកនាគកម្ពុជា និងប្រតិភូគ្រូបង្វឹក បានទៅដល់ប្រទេសរុស្ស៊ី នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កំពុងចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិInternational Dragon Boat Festival នាព្រឹកថ្ងៃទី២៩ រហូតដល់ល្ងាច លើពីរវិញ្ញាសាមានដូចជាវិញ្ញាសាប្រកួត ២០០ម៉ែត្រ និង ៥០០ម៉ែត្រ ខណៈដែលវិញ្ញាសាប្រកួតចម្ងាយ ២០០០ម៉ែត្រធ្វើការប្រកួតនៅថ្ងៃទី៣០ ខែ មិថុនា ដែលជាថ្ងៃបញ្ចប់ព្រឹត្តិការណ៍ប្រកួត ។

ឯកឧត្តម ចាយ ស៊ីជឿន ប្រធានប្រតិភូ និងជាអគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឱ្យដឹងថា កីឡាករជម្រើសជាតិទូកនាគកម្ពុជា បានមកដល់ប្រទេសរុស្ស៊ីដោយសុវត្តិភាព ប៉ុន្តែកម្លាំងកាយថាមពលថយចុះបន្តិចបន្ទួច ដោយមូលហេតុធ្វើដំណើរផ្លូវឆ្ងាយ។ តែទោះជាបែបនេះក្តី ក្រោយសម្រាកគ្រប់គ្រាន់ និងហូបចុកបានគ្រប់គ្រាន់ កម្លាំងក៏ទទួលបានត្រឡប់មកវិញប្រមាណជា ៩០% ។

អគ្គលេខាធិការរង សហព័ន្ធរូបនេះ បានពន្យល់ទៀតថា ចំពោះអាកាសធាតុ នៅរដ្ឋកាល់តៃក្រៃ ប្រទេសរុស្ស៊ី ដែលជាកន្លែងប្រកួតនោះ មានអាកាសធាតុក្តៅបន្តិច និងត្រជាក់បន្តិចនៅពេលយប់ ប៉ុន្តែវាមិនមែនជាឧបសគ្គសម្រាប់ក្រុមជម្រើសជាតិទូកនាគកម្ពុជានោះទេ ។

ឯកឧត្តម ចាយ ស៊ីជឿន បញ្ជាក់ថា សម្រាប់ការប្រកួតនេះ មាន ៩ប្រទេសចូលរួម ក្នុងនោះ មាន៖ កម្ពុជា រុស្ស៊ី ឥណ្ឌូនេស៊ី ម៉ាយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌា អូបេគីស្ថាន វៀតណាម និង ម៉ាឡេស៊ី ខណៈដែលប្រទេសរុស្ស៊ីម្ចាស់ផ្ទះមានច្រើនទូកចូលរួម។

ក្នុងចំណោមប្រទេសចូលរួមទាំង៩នេះ គឺមានប្រទេសខ្លាំងចំនួន២ គឺ ប្រទេសឥណ្តូនេស៊ី និងប្រទេសមីយ៉ាន់ម៉ា សុទ្ធសឹងជាប្រទេសដែលធ្លាប់ដណ្តើមបានមេដាយពីការប្រកួតកម្រិតអេស៊ានហ្គេម អាស៊ី និងស៊ីហ្គេម។ តែទោះជាបែបនេះក្តីក្រុមទូកនាគកម្ពុជា ក៏បានហ្វឹកហាត់និងបង្កើនបច្ចេកទេសបានយ៉ាងល្អប្រសើរ មុននឹងទៅចូលរួមការប្រកួតផងដែរ ។ សម្រាប់ក្តីសង្ឈឹម គឺកម្ពុជានៅតែដាក់ក្តីសង្ឈឹមខ្ពស់ជានិច្ចលើបេសកម្មដណ្តើមមេដាយជូនជាតិ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាទូកនាគអន្តរជាតិInternational Dragon Boat Festival នៅរដ្ឋកាល់តៃក្រៃ ប្រទេសរុស្ស៊ី ដំណើរការប្រកួតពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងនោះកម្ពុជា ចូលរួមលើ ៣វិញ្ញាសាទូកនាគបុរសចំណុះ ១២នាក់ វិញ្ញាសា ២០០ម ,៥០០ម និង២,០០០ម ៕

រូបភាព ៖ សហព័ន្ធ
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner