មេដឹកនាំបណ្តុំអង្គការសមាគមសង្គមស៊ីវិលអំពាវពាវឱ្យប្រជាពលរដ្ឋចូលរួមលើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលឱ្យអស់ចេញពីកម្ពុជា

ភ្នំពេញ៖ មេដឹកនាំបណ្តុំអង្គការសមាគមសង្គមស៊ីវិលបានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូបគួរមានមនសិកាជាតិនិយមជាធំ កុំចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមជ្រុលនិយម និងសូមកុំចូលរួមរាល់សកម្មភាពដែលបង្ហាញពីភាពបែកបាក់សាមគ្គីជាតិ តាមការញុះញង់របស់ក្រុមនយោបាយជ្រុលនិយមមួយចំនួនតូច ដែលមានចេតនាចង់បង្ករភាពវឹកវរដល់សង្គមជាតិខ្លួនឱ្យសោះ ហើយចូលរួមលើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលឲ្យអស់ចេញពីកម្ពុជា។

លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានឃើញសកម្មភាព អំពីការបង្ករភាពវឹកវរដល់សង្គមជាតិ របស់ក្រុមជ្រុលនិយមនាពេលកន្លងមក។ ការរៀបចំយុទ្ធសាស្រ្តបំបែកបំបាក់កម្លាំងស្មារតីជាតិនិយម សាមគ្គីជាតិ គឺដោយសារពួកគេមានមហិច្ឆតាអប្បិយហួសពីព្រំដែន ដែលប្រទេសកម្ពុជាកំពុងតែមានសេចក្តីសុខក្សេមក្សាន្ត និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាការពិតណាស់ការដឹកនាំប្រទេសដើម្បីឱ្យមានការអភិវឌ្ឍន៍ និងជឿនលឿន តែងតែមានការអនុវត្តច្បាប់ ចំពោះជនណាដែលបង្កររឿងផ្ទុយនឹងច្បាប់គួរតែទុកឱ្យច្បាប់ជាកំណត់។ បើការរស់នៅក្នុងប្រទេសដែលគ្មានច្បាប់ ជនបំពានច្បាប់ចេះតែកើតមាន តើយើងអាចបើកភ្នែកមើលប្រទេសជាតិរបស់ខ្លួនក្នុងភាពវឹកវរបានដែលឬទេ? ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់ការឈ្លានពានពីបរទេស បែកបាក់សាមគ្គីផ្ទៃក្នុង ដោយការសាបព្រោះមនោគមន៍វិជ្ជានយោបាយខ្មៅកខ្វក់ លាបពណ៌ ញុះញង់ បំបែកបំបាក់ រហូតដល់កម្ពុជាសឹងបាត់បង់ប្រទេសទាំងមូល នេះគឺជាមេរៀន និងប្រវត្តិសាស្រ្តដែលកូនខ្មែរបានដឹងយ៉ាងច្បាស់។

លោក ហេង សំណាង បានបន្តឱ្យដឹងថា ដូចនេះហើយ កម្ពុជាត្រូវបានចាប់ផ្តើមកសាងឡើងវិញចាប់ពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យ មកដល់ពេលបច្ចុប្បន្ននេះ។ «ពិតណាស់សន្តិភាពពិបាករកទៅហើយ កាន់តែលំបាកគឺរក្សាឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍ» ការបូជាសាច់ស្រស់ឈាមស្រស់ របស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ដើម្បីបុព្វហេតុជាតិ និងបូរណភាពទឹកដី និងអធិបតេយ្យភាពពេញលេញ បច្ចុប្បន្នកម្ពុជា ក្លាយជាប្រទេសស្មើមុខស្មើមាត់នៅលើសាកលលោក។ ទង្វើសម្ដែងការប្រឆាំងជាមួយនឹងភាពរីកចម្រើនរបស់ប្រទេសជាតិខ្លួន មិនខុសពីទង្វើក្បត់ជាតិនោះឡើយ។

ក្នុងនាមជាយុវជនបណ្តុំអង្គការសង្គមស៊ីវិល សូមថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះជនជ្រុលនិយម ទាំងក្នុង និងក្រៅប្រទេស ដែលមានមនោគមវិជ្ជាខ្មៅកខ្វក់ចង់បំផ្លាញ សុខសន្តិភាព និងការអភិឌ្ឍន៍របស់សង្គមជាតិ យើងត្រូវ កម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា ជាដាច់ខាត។ លោក ហេង សំណាង បានបន្តទៀតថា ក្នុងនាមបណ្តុំអង្គការសង្គមស៊ីវិល សូមអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូបគួរមានមនសិកាជាតិនិយមជាធំ កុំចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់ របស់ក្រុមជ្រុលនិយម។ សូមកុំចូលរួមរាល់សកម្មភាពដែលបង្ហាញពីភាពបែកបាក់សាមគ្គីជាតិ តាមការញុះញង់របស់ក្រុមនយោបាយជ្រុលនិយមមួយចំនួនតូច ដែលមានចេតនាចង់បង្ករភាពវឹកវរដល់សង្គមជាតិខ្លួនឱ្យសោះ។ យើងខ្ញុំសង្ឃឹមនិងជឿរជាក់ថា បេះដូងនៃបុព្វបុរសខ្មែរគ្រប់ជំនាន់ពិតជាបានដាស់តឿនប្រជាពលរដ្ឋខ្មែរគ្រប់រូបកុំឱ្យដើរជាន់ដានចាស់ដែលធ្វើឱ្យខ្មែរមានការឈឺចាប់តទៅទៀត។ ជនជាតិខ្មែរត្រូវតែរឹងមាំទាំងកម្លាំងកាយនិងប្រាជ្ញាស្មារតី រួមគ្នាលុបបំបាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមឲ្យចេញផុតពីកម្ពុជាចាប់ពីពេលនេះតទៅ៕
ដោយ៖ពលជ័យ

ads banner