ប្រជាជនមីយ៉ាន់ម៉ាប្រហែល ៤២លាននាក់ប្រឈមមុខនឹងភាពក្រីក្រ

ណៃពិដោ៖ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានឱ្យដឹងថ្មីៗនេះថា ប្រជាជនវណ្ណៈកណ្តាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចុះ ៥០ភាគរយក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ខណៈដែលមនុស្ស ៤២លាននាក់ឥឡូវនេះ កំពុងប្រឈមមុខនឹងភាពក្រីក្រ និងការលំបាកវេទនា។

កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបញ្ជាក់ថា ប្រហែល ៧៥ភាគរយនៃចំនួនប្រជាជនមីយ៉ាន់ម៉ា ឬប្រហែល ៤២លាននាក់ កំពុងប្រឈមមុខនឹងភាពក្រីក្រ ឬក៏កំពុងជួបប្រទះនូវហានិភ័យនៃភាពក្រីក្រធ្ងន់ធ្ងរ ដោយមនុស្ស ១៣.៣លាននាក់ទទួលរងគ្រោះអសន្តិសុខស្បៀង។

បន្ថែមលើនេះ ចាប់តាំងពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ជំនួយអភិវឌ្ឍន៍ដល់ប្រទេសមីយ៉ាន់ម៉ា តាមរយៈអង្គការសហប្រជាជាតិបានថយចុះជាង ៤០ភាគរយ ខណៈពេលដែលកម្មវិធីឆ្លើយតបមនុស្សធម៌ ក៏ប្រឈមនឹងការខ្វះខាតថវិកាផងដែរ ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍របស់ UNDP។ ទោះជាយ៉ាងណាក៏ដោយ UNDP បានជួយមនុស្សជាងពីរលាននាក់ ហើយមានគោលបំណងឈានដល់ចំនួន៨លាននាក់នៅដំណាច់ឆ្នាំ ២០២៥ នេះបើយោងតាមរបាយការណ៍។

លើសពីនេះ ដោយសារស្ថានការណ៍នយោបាយដ៏ស្មុគស្មាញក្នុងប្រទេសមីយ៉ាន់ម៉ា អង្គការ UNDP បានកែសម្រួលវិធីសាស្រ្តរបស់ខ្លួន ក្នុងការរួមបញ្ចូលជំនួយជាសាច់ប្រាក់, ការគាំទ្រដល់កសិករក្នុងស្រុកក្នុងវិស័យកសិកម្ម និងការខិតខំប្រឹងប្រែងដើម្បីដោះស្រាយតម្រូវការបន្ទាន់ តាមរយៈគម្រោងសាងសង់ឡើងវិញ។
កាលពីថ្ងៃទី១២ ខែមិថុនា ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍មួយដែលបង្ហាញថា នៅដើមឆ្នាំ ២០២៤ ៣២ភាគរយនៃចំនួនប្រជាជនមីយ៉ាន់ម៉ាកំពុងរស់នៅក្នុងភាពក្រីក្រ ដែលជាការវិលត្រឡប់ទៅរកលក្ខខណ្ឌដែលបានឃើញនៅក្នុងឆ្នាំ ២០១៥។

របាយការណ៍ដដែលក៏បានឱ្យដឹងផងដែរថា ប្រជាជនចំនួនពីរភាគបីដែលនៅសល់ មានហានិភ័យខ្ពស់ ក្នុងការធ្លាក់ចូលទៅក្នុងខ្សែបន្ទាត់នៃភាពក្រីក្រ ដូចគ្នាទៅនឹងកម្រិតដែលបានជួបប្រទះនៅក្នុងឆ្នាំ ២០១៥។ បើតាមធនាគារពិភពលោក បច្ចុប្បន្នចំនួនប្រជាជនរស់នៅក្នុងភាពក្រីក្រនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងចំនួន ៧លាននាក់បន្ថែមទៀត បើធៀបនឹងអំឡុងពេលផ្ទុះជំងឺការរាតត្បាតកូវីដ១៩៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner