បាក់ដំបូលព្រលានយន្តហោះឥណ្ឌា ស្លាប់ម្នាក់ និងរបួស៨នាក់

ញូវដែលី៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៦នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីហេតុការណ៍បាក់រលំដំបូលព្រលានយន្តហោះអន្តរជាតិ Indira Gandhi នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រសប្តាហ៍នេះ។

អាជ្ញាធរព្រលានយន្តហោះបានរាយការណ៍ថា គ្រោះថ្នាក់នេះកើតឡើងនៅម៉ោង៥ព្រឹកថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) ក្នុងស្ថានីយទី១ នៃព្រលានយន្តហោះ Indira Gandhi។ ស្របពេលជាមួយគ្នានេះដែរ ក៏មានការរលំធ្នឹមនៅច្រកចេញចូលព្រលានយន្តហោះផងដែរ បណ្ដាលឱ្យកិនសង្កត់ខូចខាតឡានមួយចំនួន។ ស្ថានីយដែលបានបាក់រលំដំបូលនេះ គឺជាស្ថានីយដែលទើបត្រូវបានជួសជុលថ្មីឡើងវិញកាលពីខែមីនាកន្លងទៅ។

នាយកសេវាពន្លត់អគ្គីភ័យក្រុងដេលី លោក Atul Garg បានប្រាប់កាសែតបារាំង AFP ថា គ្រោះថ្នាក់បាក់រលំដំបូលព្រលានយន្តហោះអន្តរជាតិនៅទីក្រុងញូវដែលី បានបណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង៨នាក់ផ្សេងទៀតរងរបួស ក្រោយប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់។ អាជ្ញាធរក្នុងតំបន់បាននិយាយថា ឧប្បត្តិហេតុនេះកើតឡើងដោយសារតែមានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា។

សូមរម្លឹកផងដែរថា កាលពីឆ្នាំ ២០២៣ កម្មករជាង ៤០នាក់បានជាប់គាំងអស់រយៈពេលជិតពីរសប្តាហ៍ មុនពេលពួកគេត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីផ្លូវរូងក្រោមដីដែលពួកគេកំពុងធ្វើការនៅរដ្ឋ Uttarakhand បានបាក់រលំ។ ដោយឡែកកាលពីខែតុលា ឆ្នាំ ២០២២ មនុស្សជាង ១៣០នាក់បានស្លាប់ នៅពេលដែលស្ពានមួយកន្លែងក្នុងរដ្ឋ Gujarat បានបាក់រលំភ្លាមៗ បន្ទាប់ពីវាត្រូវបានជួសជុលរួចរាល់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner