ជប៉ុន ប្រគល់ម៉ាស៊ីន និងឧបករណ៍ពិសោធន៍សំណង់ ដល់ក្រសួង​រៀបចំដែនដី ដើម្បីរួមចំណែកធានាសុវត្ថិភាពសំណង់ និងការរស់នៅរបស់ពល​រដ្ឋកម្ពុជា

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់នូវម៉ាស៊ីន និងឧបករណ៍សម្រាប់ពិសោធន៍សម្ភារៈសំណង់ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានចាប់ផ្ដើមដាក់ធ្វើប្រតិបត្តិការនៅមន្ទីរពិសោធន៍ជាតិសំណង់ ដើម្បីធានាដល់ការប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងរួមចំណែកធានាឱ្យបាននូវសុវត្ថិភាពសំណង់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ។

ឯកឧត្តម TSUGE Yoshifumi អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន ក៏បានលើកឡើងថា នាឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុនបានសហការគាំទ្រដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការតាក់តែងច្បាប់ស្ដីពីសំណង់ បន្ទាប់ពីច្បាប់ស្ដីពីសំណង់បានធ្វើវិសោធនកម្ម និងចូលជាធរមានក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ មក ហើយជប៉ុនក៏នឹងបន្ដគាំទ្រសហការជាមួយកម្ពុជាទៅថ្ងៃអនាគត ។ ម៉ាស៊ីន និងឧបករណ៍ពិសោធន៍សំណង់ដែលត្រូវបានប្រគល់ជូននាពេលនេះ ជាផ្នែកសំខាន់មួយនៃមូលធនសង្គម ដែលនឹងរួមចំណែកដល់ការធានាឱ្យបាននូវសុវត្ថិភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា កម្ពុជាបានឈានដល់ឱកាសមួយដែលអាចកសាងខឿនសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ប្រជាជនមានជីវភាពល្អប្រសើរ មានសុខសន្តិភាព និងស្ថេរភាពនយោបាយ ហើយក្នុងនោះក៏មានចំណែកចូលរួមជ្រោមជ្រែងរបស់ជប៉ុនផងដែរ ។ ជប៉ុនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងដំណើរនៃការស្ដារ និងកសាងប្រទេសជាតិឡើងវិញ ។ កម្ពុជាត្រូវការការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើគ្រប់វិស័យ ពិសេសលើវិស័យដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា និងការចុះបញ្ជីដីធ្លីបញ្ចប់នៅកម្ពុជា។ ភាគីទាំងពីរបានឯកភាពរក្សាចំណងមិត្តភាពការទូតគ្រប់ជ្រុងជ្រោយ បន្តកិច្ចសហប្រតិបត្តិការលើវិស័យសំណង់អោយកាន់តែរីកចម្រើន និងជិតស្និទបន្ថែមទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកអ្វីដែលកម្ពុជាមាននាពេលនេះ ជាជោគជ័យមួយនៅក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានប្រទេសមិនច្រើននោះទេបានប្រែក្លាយខ្លួនចេញពីផេះផង់នៃសង្គ្រាមរហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ទន្ទឹមនេះ ឯកឧត្តមលើកឡើងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយដែលក្នុងនោះមានការពង្រឹងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកទឹកចិត្ត។ ដូច្នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរៀបចំបណ្ដុះបណ្ដាលមន្ត្រីរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការឆ្លើយតបតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ក៏ដូចជាប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអំណោយដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុនដែលបានផ្ដល់ជូនកម្ពុជា ជាពិសេសដល់ក្រសួង ដោយក្រៅពីសម្ភារៈ ឧបករណ៍ ក្នុងវិស័យសំណង់ផ្ដល់ជូននាពេលនេះក៏នៅមានសម្ភារៈ ឧបករណ៍ជាច្រើនទៀត ដើម្បីជម្រុញការងារចុះបញ្ជីដីបង្ហើយឱ្យប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័សនៅទូទាំងប្រទេសហើយក៏នឹងឈានទៅបញ្ចប់នូវវិវាទដីធ្លីនៅកម្ពុជាបានទាំងស្រុង។ ទិន្នន័យវាស់វែងដីធ្លីនេះនឹងអនុញ្ញាតឱ្យក្រសួងអាចចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនក្នុងការរៀបចំក្រុង ហើយអាចរៀបចំអាសយដ្ឋានបានច្បាស់លាស់តាមក្បាលដីនិមួយៗជូនប្រជាពលរដ្ឋ ក៏ដូចជាអនុញ្ញាតឱ្យក្រសួងផ្ដល់សេវាសាធារណៈតាមរយៈប្រព័ន្ធឌីជីថលបានទាំងអស់។ គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាប្រែក្លាយអ្វីដែលយើងមានសព្វថ្ងៃនេះឱ្យកាន់តែប្រសើរជាងមុន និងប្រែក្លាយកម្ពុជាឱ្យក្លាយទៅជាភូមិឋានក្សេមក្សាន្ត ប្រែក្លាយទីប្រជុំជននៅទូទាំង កម្ពុជា ឱ្យទៅជាទីកន្លែងដែលប្រជាពលរដ្ឋគ្រប់រូបអាចរស់នៅបានហើយជនបរទេសដែលមកពីបណ្ដាប្រទេសផ្សេងៗក៏មានទំនុកចិត្ត មានភាពកក់ក្តៅរីករាយ សប្បាយចិត្ត និងអាចចាត់ទុកកម្ពុជាគឺជាផ្ទះរបស់ខ្លួនឯងទៀតផង ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner