លោកជំទាវ ពុំ ចន្ទីនី៖ សាខាកាកបាទក្រហមកម្ពុជា ខត្តពោធិ៍សាត់ មានលក្ខណៈវិនិច្ឆ័យមានដំណើរការល្អ ក្នុងសកម្មភាព ជួយជនរងគ្រោះ និងងាយរងគ្រោះ
(ពោធិ៍សាត់)៖ ក្រោមការដឹកនាំរបស់ ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្តពោធិ៍សាត់ ដែលបានតម្រង់ទិស បំពេញការងារស្របតាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា និងមានសកម្មភាពជាប់ក្នុងការជួយជនរងគ្រោះ និងងាយរងគ្រោះ ហើយសាខាកាកបាទក្រហមកម្ពុជា ខត្តពោធិ៍សាត់ គឺជាសាខាដែលមានលក្ខណៈវិនិច្ឆ័យមានដំណើរការល្អ ។
នេះបើតាមការលើកឡើងរបស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួល និងតែងតាំងបន្ថែមសមាសភាពអនុប្រធានកិត្តិយស និងកែសម្រួសតួនាទីភារកិច្ចគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់អណត្តិទី៥ ។
ឯកឧត្តម ខូយ រីដា បន្តប្តេជ្ញា ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ប្រការ នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ជាពិសេសក្នុងជួរគណៈកម្មាធិការសាខា ឱ្យអនុវត្តឱ្យបានល្អប្រសើរនូវតួនាទីភារកិច្ច ធានាសម្រេចបានជោគជ័យនូវយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២១- ២០៣0 ។
លោកជំទាវ ពុំ ចន្ទីនី បានកោតសរសើរ ឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលបានជួយឧបត្ថម្ភគាំទ្រ ជំរុញការអភិវឌ្ឍន៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជាដរាបមក។ លោកជំទាវ ក៏បានប្រគល់ថវិកាទីស្នាក់ កណ្តាលចំនួន ៥លានរៀល សម្រាប់ចូលរួមការប្រារព្ធទិវា៨ ឧសភា ឆ្នាំ២០២៤ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ផងដែរ ។
ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ និងឯកឧត្តម ខូយ រីដា និងសការី បានអញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា មានស្បៀង សម្ភារៈ និងថវិកា ៥លានរៀល និង ៥០០ដុល្លារអាមេរិក ទៅប្រគល់ជូន លោក ស៊ុ សុខបន អាយុ ៣៧ឆ្នាំ បានរងគ្រោះដោយសារផ្ទុះមីន ដាច់ជើងស្តាំ និងពិការភ្នែក នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងពោធិ៍សាត់ ហើយករណីផ្ទុះមីនកើតឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៕
ដោយ / គ្រី សម្បត្តិ