បេសកកម្មក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានរួមចំណែកផ្ដល់ភាពកក់ក្ដៅ ផ្នែកសេវាសុខភាពជូនពលរដ្ឋ ស្របតាមនយោបាយសម្ដេចធិបតី
(ព្រៃវែង)៖ បេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា គឺដើម្បីចូលរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋលើផ្នែកសេវាសុខភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ ២០០០នាក់ ដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដោយឥតគិតថ្លៃ នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ស សុខា នាឱកាសនោះ រួមមាន៖ ការពិនិត្យនិងព្យាបាលជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួតក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺដង្កូវព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក វាស់ភ្នែក ចែកវែនតា សុខភាពមាត់ធ្មេញ ជំងឺទឹកនោម ផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួសជាដើម៕
ដោយ / គ្រី សម្បត្តិ