សម្តេច ម៉ែន សំអន ៖ ព្រះពុទ្ធសាសនានៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់
(ភ្នំពេញ)៖ ព្រះពុទ្ធសាសនានៅកម្ពុជា ជាសាសនារបស់រដ្ឋ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបន្ត ដឹកនាំពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព របស់កម្ពុជា ។
នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងពិធីស្រោចស្រប់ព្រះសុគន្ធវារី ប្រគេនគោរម្យងារ និង ប្រកាសតែងតាំងព្រះមន្រ្តីសង្ឃអនុគណខណ្ឌមានជ័យ ដែលបានរៀបចំឡើង នៅវត្តនន្ទមុន្នី ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បាន ផ្ដាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែមានមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និង ជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ។
ពិធីស្រោចស្របព្រះសុគន្ធវារី ប្រគេនគោរម្យងារ និងប្រកាសតែងតាំងព្រះមន្រ្តី សង្ឃអនុគណខណ្ឌមានជ័យ ក្នុងថ្ងៃនេះរួមមាន ៖ ១. ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះគ្រូវិជ័យ មេធាព្រះអនុគណ ២.ព្រះញាណកោសល យឹម ចំរើន ព្រះវិន័យធរអនុគណ ៣.ព្រះគ្រូមង្គលចារ្យ ខាន់ សុវណ្ណ ព្រះធម្មធរអនុគណ ៤.ព្រះគ្រូសិរីមុនី យឹម ឯកវុត្ថា ព្រះសមុហ៍អនុគណ និង ៥.ព្រះគ្រូសិរីធិវង្ស ស៊ូ ចាន់ណារិន ព្រះលេខាធិការអនុគណ៕
ដោយ ៖ ថេត វិចិត្រ