សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យថ្នាក់ដឹកនាំនិងសមាជិកគណបក្សប្រជាជនត្រូវខិតខំបម្រើម្ចាស់ឆ្នោតឱបានល្អ
បាត់ដំបង៖សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជាស្ថិតក្នុងមុខតំណែងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបម្រើឧត្តមប្រយោជន៍ ផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ឆ្លើយតបតាមអ្វីដែលប្រជាពលរដ្ឋបានផ្ដល់នូវការជឿជាក់និងបោះឆ្នោតជូនគណបក្សប្រជាជន នៅគ្រប់ការបោះឆ្នោត។
ការក្រើនរំលឹកនេះបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបទី៧៣ នៃ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាដែលរៀបចំដោយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ នៅមជ្ឈមណ្ឌលសុភមង្គល ក្នុងក្រុងបាត់ដំបង ។
ថ្លែងទៅកាន់អ្នកចូលរួមរាប់ពាន់នាក់សម្ដេចក្រឡាហោម បានបន្តទៀតថាជាមន្រ្តីរបស់បក្សត្រូវសកម្មក្នុងការបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ មិនត្រូវបានអំណាចហើយ បែរភ្លេចខ្លួននិងគ្មានការទទួលខុសត្រូវ ចំពោះជាតិ និងប្រជាជននោះទេ។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេងបានស្នើឱ្យថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសមាជិកគណបក្ស ដើម្បីគ្រប់គ្រងសមាជិកឱ្យបានហ្មត់ចត់ និង ពិនិត្យឡើងវិញ លើសមាសភាពអង្គការចាត់តាំងដោយត្រូវជ្រើសអ្នកមានសមត្ថភាពគ្រប់គ្រាន់ និងមានឆន្ទៈក្នុងការបំពេញការងារជូនគណបក្សនិងបម្រើប្រជាជន។
សូមជម្រាបថាថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២៤នេះគឺជាខួបទី៧៣ឆ្នាំនៃថ្ងៃកំណើតបក្សគណប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១ – ២០២៤)។ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជន ផ្សារភ្ជាប់ រួមសុខ រួមទុក្ខ ជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ និងហ៊ានធ្វើពលិកម្មដោយឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)