ខេត្តបាត់ដំបងធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាថ្នាក់តំបន់ ពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
បាត់ដំបង៖ខេត្តបាត់ដំបងដែលជាខេត្តមានសក្ដានុពលសេដ្ឋកិច្ចនិងទេសចរណ៍បានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី៖ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ (២០២៤-២០២៨) ដោយមានមន្រ្តីធ្វើការងារទាក់ទងនឹងកុមារ៨០នាក់មកពីខេត្តចំនួនប្រាំពីរចូលរួម។
សិក្ខាសាលាដែលធ្វើនៅចុងសប្ដាហ៍នេះ ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហង្សាលើកុមារដែលរៀបចំឡើងដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងសម្របសម្រួលពីមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង និងមានការគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។
គោលបំណងសំខាន់ចំនួនពីរត្រូវបានលើកឡើងយកមកធ្វើការពិភាក្សា ។១.ពិនិត្យនិងផ្តល់នូវធាតុចូលលើសេចក្តីផែនការជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៤-២០២៨និងទី២.ចែករំលែកបទពិសោធន៍ ទស្សនទាន និង ការអនុវត្តល្អៗ របស់ក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធនឹងយន្តការបង្ការទប់ស្កាត់ អន្តរាគមន៍ ឆ្លើយតបនឹងកិច្ចការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។
អញ្ជើញចូលរួមលក្នុងពិធីនេះលោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបងបានលើកឡើងថាមន្ទីរសង្គមកិច្ចអតីតយុទ្ធជនខេត្តជាសេនាធិការ បានអនុវត្តការងារស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រដូចជាការបង្កើនប្រសិទ្ធិភាពសេវាសង្គមការពង្រឹងប្រព័ន្ធសន្តិសុខ សង្គម ការពង្រឹងសេវាសង្គ្រោះសង្គម។ដោយឡែកយន្តការវិស័យកិច្ចការពារកុមាររួមមាន គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារខេត្តស្រុក-ក្រុង។
ចំណែកឯកឧត្តម គឹម សុវណ្ណឌី អគ្គលេខានៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកុមារដើម្បីកុមារបានគូសបញ្ជាក់ថា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី និងអំពើហិង្សាលើកុមារនៅក្នុងតំបន់និងដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងអស់នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមិនមែនរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍នានាចូលរួមរៀបចំផែនការទប់ស្កាត់ឆ្លើយតបក្នុងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញឆ្នាំ២០២១-២០២៥។
ឯកឧត្តម បានសង្កត់ធ្ងន់ថាការប្តេជ្ញាចិត្តនិងចូលរួមសហការពីភាគីពាក់ព័ន្ធទាំងអស់ ពិតជាមានសារៈសំខាន់ណាស់ ចំពោះការពង្រឹងកិច្ចការពារលើកុមារ និងកិច្ចសម្របសម្រួលពីស្ថាប័នជំនាញពាក់ព័ន្ធដែលមានសមត្ថភាពដើម្បីទប់ស្កាត់ឆ្លើយតបនូវអំពើហិង្សាលើកុមារ ក្នុងប្រទេសកម្ពុជា៕./.
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)