កូរ៉េខាងជើងដាក់ស្លាកទំនាក់ទំនងរវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ជា “ណាតូអាស៊ី”

ព្យុងយ៉ាង៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បានប្រកាសថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយថែមទាំងបានដាក់ស្លាកប្រទេសសម្ព័ន្ធមិត្តទាំងបីថា ជា “ណាតូអាស៊ី” និងព្រមានពីផលវិបាកដ៏ធ្ងន់ធ្ងរបំផុត។

ការចេញមុខថ្កោលទោសពីសំណាក់កូរ៉េខាងជើងនេះកើតឡើង មួយថ្ងៃ បន្ទាប់ពីប្រទេសសម្ព័ន្ធមិត្តទាំងបីបានបិទបញ្ចប់សមយុទ្ធយោធា Freedom Edge មានរយៈពេល៣ថ្ងៃ ដែលផ្តោតសំខាន់លើការការពារមីស៊ីលបាលិស្ទីគ និងដែនអាកាស, យុទ្ធសាស្រ្តប្រឆាំងនាវាមុជទឹក និងការហ្វឹកហាត់ការពារការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។

សមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នារបស់ប្រទេសទាំងបី មានការចូលរួមពីនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Theodore Roosevelt, នាវាចម្បាំងបំពាក់មីស៊ីល JS Atago របស់ជប៉ុន ព្រមទាំងកងយន្តហោះចម្បាំង KF-16 របស់កូរ៉េខាងត្បូង។ កូរ៉េខាងជើងតែងតាំងបានថ្កោលទោសសកម្មភាពធ្វើសមយុទ្ធយោធាស្រដៀងគ្នាបែបនេះថា ជាការហាត់សមដើម្បីឈ្លានពានទៅលើខ្លួន។

ក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ថា យើងថ្កោលទោសជាខ្លាំង ជុំវិញសកម្មភាពដំឡើងសាច់ដុំយោធាដើម្បីបង្កហេតុ ប្រឆាំងនឹងកូរ៉េខាងជើង។ ទំនាក់ទំនងរវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានប្រែក្លាយទៅជា “ណាតូអាស៊ី” ហើយកូរ៉េខាងជើងព្រមានប្រទេសទាំងបី នឹងប្រឈមមុខនូវផលវិបាកដ៏ធ្ងន់ធ្ងរបំផុត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner