ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់សាងសង់បានពាក់កណ្ដាលផែនការ
ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី៣០ ខែមិថុនា បានឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ សម្រេចបាន ៥៥,៨៣ភាគរយ និងផ្លូវតភ្ជាប់និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះដែលមានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រសម្រេចបាន ៤១,៨១ភាគរយគិតត្រឹមខែមិថុនា ឆ្នាំ២០២៤។
គួរជម្រាបថា ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ។
គម្រោងទាំងមូលគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ៕
ដោយ៖ដេប៉ូ