សម្ដេចនាយករដ្ឋមន្រ្តី លែងត្រី១,៥លានក្បាល និងវារីសត្វជាង ២០ប្រភេទ ក្នុងទិវាមច្ឆជាតិ ១ កក្កដា
កំពង់ចាម៖ មេត្រីពូជ កូនត្រី១,៥លានក្បាល និងវារីសត្វជាង២០ប្រភេទត្រូវបានចូលទៅក្នុងបឹងធំធម្មជាតិក្នុងទិវាមច្ឆជាតិ ១កក្កដា ២០២៤ លើកទី១៩ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ឆ្នាំ២០២៤នេះ ក្រសួងកសិកម្មរៀបចំ ទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលត្រី មេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១,៥លានក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្អិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្ដើក កន្ធាយ។ល។ ដែលត្រូវលែងចូលទៅក្នុងបឹងនេះ ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា បឹងនេះមានទំហំ ១ ៥០៧ហិកតា នៅរដូវប្រាំង និង ១ ៩២៤ហិកតា នៅរដូវវស្សា និងទទួលរបបទឹកពីទន្លេមេគង្គ តាមព្រែកភូមិថ្មី និងព្រែកពាមជីកង។
បឹងធំនេះ មានទំហំ និងជម្រៅសមស្របដែលអាចរក្សាទឹកនៅរដូវប្រាំង មានតួនាទីផ្តល់ជាប្រភពទឹកដ៏សំខាន់សម្រាប់ ការធ្វើ កសិកម្ម រក្សាទុកត្រីមេពូជសម្រាប់បន្តពូជ និងផ្តល់ប្រភពស្បៀងអាហារជាមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋក្នុង តំបន់នេះ ជាពិសេសសហគមន៍នេសាទទាំង៤ (សហគមន៍វិហារធំ សហគមន៍សាមគ្គីឃុំមៀន សហគមន៍បឹង ក្បាលក្រពើ និងសហគមន៍ រកា គយ) ដែលមានប្រជានេសាទចំនួន ១ ៧៦៥នាក់ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ ផ្សេងទៀតដែលពឹងពាក់លើផលនេសាទសម្រាប់ជាអាហារមូលដ្ឋានប្រចាំថ្ងៃ។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០៣មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងតែប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ដើម្បីផ្សព្វផ្សាយទិវាមច្ឆជាតិ ១ កក្កដា និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធន ធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជ ក្នុងស្រុក ប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ ៕
ដោយ៖វណ្ណលុក