មនុស្ស ៧នាក់ស្លាប់ ក្រោយខ្យល់ព្យុះវាយប្រហារបារាំង និងស្វីស
បរទេស៖ អាជ្ញាធរក្នុងតំបន់បាននិយាយ កាលពីថ្ងៃអាទិត្យថា ខ្យល់ព្យុះដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ជោគជាំ ដែលបានវាយប្រហារប្រទេសបារាំង ស្វីស ព្រមទាំង អ៊ីតាលី កាលពីចុងសប្តាហ៍ បានបណ្តាលឲ្យមនុស្ស ចំនួន៧នាក់ បានស្លាប់។
អាជ្ញាធរក្នុងតំបន់បានប្រាប់ AFP ថា មនុស្សបីនាក់បានស្លាប់ នៅក្នុងតំបន់ អូបឹ (Aube) ភាគឦសាននៃប្រទេសបារាំង កាលពីថ្ងៃសៅរ៍ នៅពេលដែលដើមឈើមួយដើម បានបាក់សង្កត់ចំរថយន្តរបស់ពួកគេ ក្នុងពេលធ្វើដំណើរ ដែលមានខ្យល់បក់បោកខ្លាំង។
នៅប្រទេសស្វីស មនុស្សចំនួន៤នាក់បានស្លាប់ និងម្នាក់ទៀតបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកបង្កឱ្យមានការបាក់ដី នៅភាគអាគ្នេយ៍ នេះបើយោងតាមប៉ូលីស ក្នុងតំបន់ Ticino។
នៅឯទីក្រុងជ្រលងជ្រោះ អៅ ស្តា (Aosta) របស់ប្រទេសអ៊ីតាលី អ្នកប្រើប្រាស់អ៊ីនធឺណិតបានចែកចាយរូបភាព នៃទឹកជំនន់ដ៏ខ្លាំងក្លា ហើយទឹកបានហូរចុះ តាមជម្រាលភ្នំ យ៉ាងគំហុក។
ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុ ដែលជំរុញដោយសកម្មភាពរបស់មនុស្សកំពុងបង្កើនភាពធ្ងន់ធ្ងរ កាន់តែញឹកញាប់ ដូចជា ទឹកជំនន់ និងព្យុះ ជាដើម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត