សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា
កំពង់ឆ្នាំង៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក យិន សាវ៉េន អភិបាលរង តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង, ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តមស្នងការនគរបាលខេត្ត
ក្នុងឱកាសនេះលោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានឡើងអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ ដែលជាការដឹងគុណបំណាច់យ៉ាងធំធេងចំពោះវីរយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។
ក្នុងពិធីនេះដែរក៏បាននាំយកអង្ករ ១ ៥០០គីឡូក្រាម មី ៦០កេះ ត្រីខ ៦០យួរ ទឹកត្រី ៦០យួរ រួមនិងថវិកាចំនួន ១,៨លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជនទាំង៦០នាក់ ៕
ដោយ៖សុខ គឹមសៀន