សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល បន្តអនុវត្តការមិនយកពន្ធ​លើដី​កសិកម្ម ជាលក្ខណៈគ្រួសារ និងពន្ធនាំចូលសម្ភារៈកសិកម្ម

កំពង់ចាម៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបន្ដទុកចិត្ដមកលើរាជារដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។ សម្ដេចបន្តថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្តលើកលែងពន្ធលើដីកសិកម្ម ជាលក្ខណៈគ្រួសារ ពន្ធនាំចូលសម្ភារកសិកម្ម កសិផល ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ដូច្នេះ ក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិ ១កក្កដា ២០២៤ លើកទី១៩ ព្រមទាំងលែងត្រី ១លាន ៥សែនក្បាល ចូលទៅក្នុងបឹងធំធម្មជាតិ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាគណបក្សប្រជាជននៅបន្តកាន់អំណាច ពន្ធលើផ្ទៃដីដាំដុះកសិផល នឹងត្រូវលើកលែង ដើម្បីជួយដល់កសិករ និងពង្រឹងជីវភាពពលរដ្ឋកាន់តែប្រសើរ។

សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តអនុវត្តគោលការណ៍លើកលែងពន្ធ ដោយមិនយកពន្ធលើដីកសិកម្ម ជាលក្ខណៈគ្រួសារ ពន្ធនាំចូលសម្ភារកសិកម្ម កសិផល ។ សម្តេច ថា រាជរដ្ឋាភិបាលនឹងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើជូនពលរដ្ឋកាន់តែខ្លាំងបន្ថែមទៀត ។

សូមរំលឹកថា ក្រោមការដឹកនាំដ៏មុតស្រួច និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងខិតខំប្រឹងប្រែង ជំរុញអនុវត្តយ៉ាងសកម្មនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេស កម្មវិធី គោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលរួមមានការលើកស្ទួយផលិតកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ជាលទ្ធផល ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជា មិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផល កសិកម្មជាង ៨លានតោន ដោយបាននាំមកវិញនូវចំណូលជារូបិយបណ្ណអន្តរជាតិជិត ៥ពាន់លានដុល្លារទៀតផង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner