ធ្លាក់យន្តហោះទេសចរណ៍ធុនតូចនៅបារាំង ស្លាប់មនុស្ស ៣នាក់
ប៉ារីស៖ យន្តហោះធុនតូចដឹកអ្នកទេសចរណ៍មួយគ្រឿងបានធ្លាក់ នៅតំបន់ Seine-et-Marne ជិតទីក្រុងប៉ារីស បណ្តាលឲ្យស្លាប់មនុស្ស ចំនួន៣នាក់ កាលពីថ្ងៃអាទិត្យ។
យោងតាមប្រភពព័ត៌មាន ពីប៉ូលីសបានឱ្យដឹងថា យន្តហោះម៉ាក Cesna 172 មួយគ្រឿងនេះ បានធ្លាក់មកលើផ្លូវ A4 ក្នុងទីក្រុង Nosiel នៅម៉ោងប្រហែល ៤ រសៀល បន្ទាប់ពីយន្តហោះ បានប៉ះនឹងខ្សែភ្លើង ដែលមានតង់ស្យុងខ្ពស់។
រដ្ឋអាជ្ញាប្រចាំតំបន់ Meaux លោក Jean-Baptiste Bladier បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ជនរងគ្រោះ គឺជាបុរសពីរនាក់ និងស្ត្រីម្នាក់ ដោយបន្ថែមថា អ្នកបើកយន្តហោះ ទើបតែមានប័ណ្ណបើកប កាលពីឆ្នាំមុន ហើយមានវ័យត្រឹម៣៥ឆ្នាំ ដោយមានបទពិសោធន៍បើកបរ មិនដល់១០០ម៉ោងនោះទេ។
ការិយាល័យរដ្ឋអាជ្ញា Meaux បានបញ្ជាឱ្យមានការស៊ើបអង្កេតបន្ថែម ហើយទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ស៊ីវិល ហៅកាត់ BEA ក៏បានបើកការស៊ើបអង្កេត ផ្នែករដ្ឋបាលផងដែរ។
អ្នកស្រុកបានរិះគន់ពីគ្រោះថ្នាក់យន្តហោះទេសចរណ៍ នៅតំបន់នោះ។ កាលពីខែកក្កដា ឆ្នាំ២០២៣ ក៏ហេតុការណ៍យនុ្តហោះទេសចរណ៍បុករនាំង ពេលចុះចត នៅចំណុចផ្លូវ A4 ផងដែរ។ ប៉ុន្តែ មនុស្សលើយន្តហោះទាំងអស់ សុទ្ធតែមានសុវត្ថិភាព លើកលែងតែអ្នកបើកបរ របួសតិចតួច៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត